កងកម្លាំងសុរៈនារីថៃ ផ្តល់ពូជកូនត្រីចម្រុះប្រមាណ១៥០០០កូន ដល់កងទ័ពកម្ពុជា យកមកចិញ្ចឹម!

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ កូនត្រីពូជចម្រុះចំនួន១៥០០០កូន ត្រូវបានកងកម្លាំងសុរៈនារីថៃ ធ្វើការប្រគល់ជូនដល់កងទ័ពកម្ពុជា នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដើម្បីយកមកចិញ្ចឹម ក្នុងការកាត់បន្ថយនៅក្នុងការចំណាយប្រាក់ម្ហូបប្រចាំថ្ងៃរបស់បងប្អូនគ្រួសារកងទ័ពបានមួយកម្រិត ក្រោយពេលដែលសត្វត្រីទាំងអស់នេះកើតធំធាត់កើនឡើងកាន់តែច្រើន។ ការប្រគល់ទទួលនេះ បានធ្វើឡើងនៅតំបន់ច្រកអានសេះ ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការរង នាយសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា ត្រីដែលត្រូវធ្វើការប្រលែង នេះគឺមានចំនួន១៥០០០កូន រួមមានប្រភេទកូនត្រីអណ្ដែង និងកូនត្រីឡាប់យ៉ា ព្រមទាំងពូជកូនត្រី ប្រភេទផ្សេងៗដ៏ទៃទៀត។ លោកឧត្តមសេនីយ៍ត្រី បាន បន្តថា កាលពីឆ្នាំ២០១៧ យើងបានធ្វើពិធីប្រលែងពូជត្រីចម្រុះចំនួន៣ម៉ឺនកូនម្តងរួចមកហើយ នៅក្នុងស្រះទឹកដែលមានទទឹង១៥០ម៉ែត្រ និងបណ្តោយ២០០ម៉ែត្រ ជម្រៅជាង៤ម៉ែត្រ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

លោកមេបញ្ជាការរង បានលើកឡើងទៀតថា នៅឆ្នាំ២០១៩នេះ គឺជាលើកទីពីរហើយ ដែលអង្គភាពបានធ្វើការប្រលែងនូវពូជកូនត្រីចម្រុះ ក្រោយពីអង្គភាពទទួលបានពីកងកម្លាំងសុរៈនារីថៃប្រគល់ជូន។ លោកថា ចំពោះត្រីដែលអង្គភាពធ្វើការប្រលែងទាំងអស់នេះ វាមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។ ដូច្នេះយើងទាំងអស់ត្រូវរួមគ្នាថែរក្សា ហើយមិនអនុញ្ញាតឲ្យនាំយកនូវឧបករណ៍ដែលខុសច្បាប់ចុះធ្វើការនេសាទ នៅក្នុងស្រះទឹកនេះជាដាច់ខាត បើមិនដូច្នោះទេ និងត្រូវ ទទួលខុសត្រូវដោយខ្លួនឯង ក្រោយពីក្រុមការងារបង្ក្រាបបាន៕ធ.ដ

សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner