ស្ថានទូត និងខ្មែរនៅប្រទេសជប៉ុន ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីជួបជុំពិសាអំបុក ថែជាតិ សាសនា ព្រះមហាក្សត្រ
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចកម្ពុជាប្រចាំប្រទេសជប៉ុន កាលយប់ថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ២០១៩ បានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) នៅស្រុកសាហ្គាមីហារា ខេត្តកាណាហ្គាវា ប្រទេសជប៉ុន។
ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តខាងលើ បានប្រព្រឹត្តទៅដោយមានការសហការជាមួយគណៈកម្មាការវត្តទាំង៣ (វត្តខ្មែរសាមគ្គី វត្តអង្គររតនរង្សី វត្តបីតាធំ) សហគមន៍ខ្មែរ សិស្ស និស្សិត និងពលករខ្មែរកំពុងរស់នៅប្រទេសជប៉ុន ដែលមានចំនួនសរុបប្រមាណជាង៣០០នាក់ ។ ទន្ទឹមនឹងនេះក៏មានការអញ្ជើញ ចូលរួមពីតំណាងរាស្ត្រជប៉ុនប្រចាំខេត្តកាណាហ្គាវា មន្រ្តីក្រសួងការបរទេសជប៉ុន និងមិត្តជប៉ុននានាច្រើនផ្សេងទៀត។
ឯកឧត្តម អ៊ឹង រចនា បានបន្ថែមថា នេះជាលើកទី១ ដែលស្ថានឯកអគ្គរាជទូតកម្ពុជា រួមជាមួយ បងប្អូនសហគមនាគមន៍ខ្មែរ និងគណៈកម្មការវត្តទាំងបី នៅជប៉ុនរៀបចំពិធីជួបជុំគ្នា ដើម្បីអបអរសាទរបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ហើយពិសេសទៀតនោះ ស្ថានឯកអគ្គរាជទូតកម្ពុជា បានរៀបចំពិធីជួបជុំពិសាអំបុកខ្មែរ ដើម្បីថែជាតិ សាសនា ព្រះមហាក្សត្រ ជាមួយអ្នកចូលរួមទាំងអស់ យ៉ាងអធឹកអធម និងរីករាយបន្ថែមទៀត៕ធ.ដ