ថ្ងៃទី១ មានទេសចរ បរទេសជិត ២ពាន់នាក់ អង្គុយទស្សនាការប្រណាំងទូកលើវេទិកាទេសចរណ៍
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ក្រសួងទេសចរណ៍តែងបានរៀបចំឲ្យមានវេទិកាទេសចរណ៍ សម្រាប់ឲ្យភ្ញៀវទេសចរ ចូលទស្សនាការប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះរមរាជវាំង រយៈពេលបីថ្ងៃពេញ។តាមការបញ្ជាក់ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរ បរទេសចំនួន ១,៩៨១នាក់ បានចូលអង្គុយទស្សនាការប្រណាំងទូក និងបណ្ដែតប្រទីបលើវេទិកាទេសចរណ៍។
វេទិកាទេសចរណ៍នេះមានការបកប្រែជា៣ភាសារ៖ ភាសាអង់គ្លេស បារាំង និងភាសាចិន ព្រមទាំងមានការផ្តល់ជូននូវទឹកបរិសុទ្ធ ភេសជ្ជៈ និងសេវាកម្មផ្សេងៗទៀតផងដែរ។ ការរៀបចំវេទិកាទេសចរណ៍នេះ គឺដើម្បីឲ្យភ្ញៀវទេសចរបានកម្សាន្ត និងស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។
លោកបានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍សម្រាប់អង្គុយទស្សនាការប្រណាំងទូកនៅមុខព្រះរមរាជវាំងនេះ ជាការទាក់ទាញភ្ញៀវវទេសចរអន្តជាតិឱ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសលើកទឹកចិត្តដល់ជនបរទេសស្វែងយល់វប្បធម៌ខ្មែរថែមទៀត៕ធ.ដ