ក្រុមការងារ ចុះជួយឃុំពាក់ស្នែង និងស្រុកអង្គរធំ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តមានសទ្ធាជ្រះថ្លា បានស្រុះស្រួលរួមមតិគ្នា ផ្តើមប្រារព្ធធ្វើពិធី បុណ្យកឋិនទានសាមគ្គីមួយ
សៀមរាប៖ បុណ្យកឋិនទានសាមគ្គីនៃក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំពាក់ស្នែង និងស្រុកអង្គរធំ ខេត្តសៀមរាប និងក្រុមការងារថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តមានសទ្ធាជ្រះថ្លា បានស្រុះស្រួលរួមមតិគ្នាជាឯកច្ឆ័ន្ទ ផ្តើមប្រារព្ធធ្វើពិធី បុណ្យកឋិនទានសាមគ្គី មួយដើម្បីដង្ហែរ វេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា វត្តសប្បុវិសារាម (ហៅវត្តខ្នាច់ត្រាច) ដែលស្ថិតនៅក្នុងភូមិសណ្តាន ឃុំពាក់ស្លែង ស្រុកអង្គរធំ ខេត្តសៀមរាប រួមជាមួយ គណៈកម្មការ អាចារ្យវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តក្នុងឃុំពាកើស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ព្រមទាំងសប្បុរសជនក្នុងនិងក្រៅខេត្តផង បានមូលមតិគ្នាជាឯកច្ឆ័ន្ទ រៀបចំអង្គកឋិនទានសាមគ្គីដង្ហែរនៅក្នុងវត្តសប្បុវិសារាម (ហៅវត្តខ្នាច់ត្រាច)។
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ផៃ សុខខេង ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម លោកជំទាវ និងក្រុមការងារថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រ់នកុះករផងដែរ។ បើយោងតាមការប្រកាសក្នុងពិធី វេរអង្គកឋិនប្រគេនដល់ព្រះសង្ឃរបស់ គណៈកម្មការអាចារ្យវត្តថា៖ អង្គកឋិនទានសម្រាប់វត្តនេះ កើតឡើងដោយហេតុ៤យ៉ាង គឺហេតុ៖
ទី១ដោយសារជីដូនជីតាប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថាកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឃដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។
ទី២ ដោយហេតុបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានរៀនសូត្រធម៌វិន័យ ប្រព្រឹត្តិត្រឹមត្រូវតាមច្បាប់ព្រះពុទ្ឋសាសនា។
ទី៣ ដើម្បីប្រមូលនូវបច្ច័យដែលបានពីអង្គកឋិននេះ យកទៅកសាងទីសេនាសេនៈអាស្រ័យរបស់ព្រះសង្ឃ ព្រមទាំងកសាងនូវហេដ្ឋារចនាសម្ព័ន្ឋនានាបន្ថែមទៀតមានដូចជាចាក់ដីតាមរបងវត្ត រៀបចំសួនច្បារ កសាងកុដិ ជាដើម។
ទី៤ដើម្បីជាទក្ខិណានុប្បទាន ឧទ្ទិសជូនដល់បុព្វការីជននៃយើងគ្រប់គ្នាដែលបានចែកឋានទៅកាន់សុគតិភពទៅហើយនោះផង។
ព្រះគ្រូចៅអធិការវត្ត មានថេរៈដិការថា៖ បច្ច័យដែលទទួលបានពីអង្គកឋិនទាននេះ ក្រៅពីការលៃលកសម្រាប់ចាយវាយទៅតាមតម្រូវការនៅពេលដែលកសាងអ្វីនៅក្នុងទីអារាមវត្តផង និងសម្រាប់ចង្ហាន់ប្រចាំថ្ងៃរបស់ព្រះភិក្ខុសង្ឃក្នុងវត្តផង។ ព្រះសង្ឃគឺពឹងលើទាននិងបច្ច័យពីប្រជាពុទ្ឋបរិស័ទ នៅក្នុងទីវត្តអារាមដែលមានការរីកចំរើនទៅបានគឺមិនអាចខ្វះបានឡើយ ពីការចូលរួមរបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយដែលមានសទ្ឋាជឿជាក់លើព្រះពុទ្ឋសាសនា ហើយភាពរីកធំធាត់របស់ទីអារាមក៏ជាកត្តាឆ្លុះបង្ហាញឲ្យឃើញអំពីជីវភាពប្រសើរឡើងនៃប្រជាពុទ្ធបរិស័ទនៅក្នុងតំបន់ចំណុះជើងវត្ត នោះផងដែរ។
គឺគួបផ្សំជាមួយនឹងទេព្យកោសល្យអ្នកដឹកនាំ និងការផ្តល់ជំនឿទុកចិត្តពីសំណាក់ព្រះសង្ឃ ក្រោមគោលការណ៍ជាមូលដ្ឋាន ព្រះពុទ្ធសាសនា ការផ្សារភ្ជាប់ និងសង្គម ទើបអាចអភិវឌ្ឍន៍និងកសាងទីអារាមបានសមរម្យ។ គួរបញ្ជាក់ផងដែរថា៖ បុណ្យកឋិនទាននេះ ជាពិធីបែបព្រះពុទ្ឋសាសនា គឺបុណ្យនេះចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនទានតែងតែត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញក្បួនដង្ហែកឋិនទានទៅកាន់ទីអារាមវត្តផ្សេងៗ រៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនទានណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕ធ.ដ
ដោយ ស៊ាន សុផាត