លោក ខ្វៃ អាទិត្យា និង ឯកឧត្តម នេត្រ ភក្ត្រា ដឹកនំាក្រុមការងារអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍អប្សរា រៀបចំពិធីពិសាអំបុកខ្មែរ ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់សន្តិភាព
ភ្នំពេញ៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ជាក់ស្តែងនារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នំាំ២០១៩នេះ លោក ខ្វៃ អាទិត្យា និងឯកឧត្តម នេត្រ ភក្រ្តា អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បានដឹកនំាក្រុមការងារអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ រៀបចំពិធីពិសារអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិ និង រក្សាឲ្យបាននូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មានប្រសាសន៍ក្នុងពិធីពិសារអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលរៀបចំធ្វើឡើងនៅបរិវេណអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១លោក ខ្វៃ អាទិត្យា និង ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជាបង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ។ លោក ខ្វៃ អាទិត្យា និង ឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ ។ ជាមួយគ្នានេះ លោកអគ្គនាយក និង ឯកឧត្តមអគ្គនាយករងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួបរួមគ្នាថែរក្សាសន្តិភាព និង ការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយក៏បានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ ។
សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និង ក៏ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមពិសាអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រឆាំងគម្រោងធ្វើរដ្ឋប្រហារ និង ផ្តួលរំលំរបបរាជានិយមពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី ៕














