ខេត្តស្វាយរៀងប្រារព្ធមិទ្ទិញទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានិងហូបអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ
ស្វាយរៀង ៖លោក ម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២១០៩នេះបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩ ) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ។
ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ ។
អង្គពិធីមិទ្ទិញទាំងមូល បានសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ” ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ ។ចុងបញ្ចប់នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋបានជួបជុំទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ប្រកបដោយភាពសប្បាយរីករាយក្រៃលែង ។




