វិមានក្រឹមឡាំងចោទប្រកាន់អាមេរិកថាបានធ្វើការវាយប្រហារតាមអ៊ីនធឺណិតលើរុស្ស៊ី
កាលពីថ្ងៃអង្គារ ទី២៩ មិនារុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានដឹកនាំយុទ្ធនាការដ៏ធំនៃ «អរិភាពតាមអ៊ីនធឺណិត» នៅពីក្រោយការវាយប្រហារព្យាបាទរាប់សែនក្នុងមួយថ្ងៃ ខណៈពេលដែលកងទ័ពរុស្ស៊ីបន្តការលុកលុយប្រទេសអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថាប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងប្រព័ន្ធទ្រទ្រង់ជីវិត ត្រូវបានគេកំណត់ជាគោលដៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតដែលមានទំហំមិនធ្លាប់ពីមុនមក។ ក្រសួងនេះបានចោទប្រកាន់កងកម្លាំងពិសេស ដែលបណ្ដុះបណ្ដាលដោយអាមេរិក និងណាតូ ថានៅពីក្រោយការវាយប្រហារនេះ ហើយធ្វើឡើងជំនួសឱ្យអ្នកគាំទ្រក្រុងគៀវ។
កាលពីខែមុនសារព័ត៌មានអាមេរិក NBC News បានរាយការណ៍ថាប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានទទួលបទបង្ហាញដោយមន្ត្រីអាមេរិកអំពីជម្រើសវិធានការឆ្លើយតបមួយចំនួន ក្នុងករណីរុស្ស៊ីលុកលុយអ៊ុយក្រែន ដែលរួមមានប្រតិបត្តិការរំខានដល់ប្រព័ន្ធអ៊ីនធឺណិត ប្រព័ន្ធថាមពល និងប្រព័ន្ធផ្លូវដែករបស់រុស្ស៊ី។ ប៉ុន្តែសេតវិមានបានច្រានចោលការរាយការណ៍ថា «មិនមានមូលដ្ឋាន»។
លោកបៃដិន ក៏ធ្លាប់និយាយថារុស្ស៊ីគឺកំពុងគ្រោងធ្វើវាយប្រហារតាមអ៊ីនធឺណិត ប្រឆាំងនឹងអាមេរិកប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ។
ក្រសួងការបរទេសរុស្ស៊ីក៏បាននិយាយថាពួកគេក៏ជឿជាក់ថារដ្ឋាភិបាលអ៊ុយក្រែន ដែលកាលពីខែមុនប្រកាសបង្កើត «កងទ័ព IT» បានចូលរួមក្នុងការវាយប្រហារនេះ៕
Source: https://globalnews.ca/news/8718230/u-s-cyber-attacks-russia/