អាមេរិក​ប៉ាន់​ប្រមាណថា​ ​រុស្ស៊ី​ដាក់​ពង្រាយជិត៣/៤នៃកងកម្លាំងរបស់ខ្លួនក្នុង​សង្រ្គាម​អ៊ុយក្រែន​​

មេបញ្ជាការ​​បញ្ជា​ការដ្ឋាន​ភូមិភាគ​អឺរ៉ុប​របស់​សហរដ្ឋ​អាមេរិក​ លោក​ឧត្ដម​សេនីយ៍​ Tod Wolters ​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ រុស្ស៊ី​បាន​ដាក់​ពង្រាយ​ជិត​៣/៤នៃកង​កម្លាំងយោធា​​សរុប​របស់​ខ្លួន​ ទៅ​ក្នុង​ការ​ឈ្លាន​ពាន​នៅ​​អ៊ុយក្រែន។

លោក​ Wolters ​និយាយ​ក្នុង​អំឡុង​​សក្ខីកម្ម​ទៅ​កាន់​គណៈកម្មាធិការ​សេវា​ប្រដាប់​អាវុធ​ព្រឹទ្ធ​សភា​អាមេរិក​ថា​ «​ក្នុង​ការ​កំណត់​ផ្សេង​គ្នា​ ខ្ញុំ​អាច​ផ្ដល់​ឱ្យ​​នូវ​ចំនួន​ជាក់​លាក់​មួយ​ ប៉ុន្តែ​ប្រហែល​ ៧០ ​ទៅ​ ៧៥ ​ភាគ​រយ​»​ ត្រូវ​បាន​ប្រើ​ក្នុង​ការ​លុក​លុយ​អ៊ុយក្រែន​នា​ពេល​នេះ​។​

នៅ​ពេល​សួរ​ថា​តើ​អ៊ុយក្រែន​​នឹង​​អាច​​បញ្ឈប់​រុស្ស៊ី​ដោយ​ជោគ​ជ័យ​ ឬ​រុញ​កង​កម្លាំង​ឱ្យ​ថយ​ក្រោយ​វិញ​បាន​ឬ​យ៉ាង​ណា​ លោក​ Wolters ​​និយាយ​ថា​ លោក​ជឿ​ថា​អ៊ុយក្រែន​ «​អាច​ជោគជ័យ​ក្នុង​ការ​បញ្ឈប់​​កង​កម្លាំង​រុស្ស៊ី​»​ ប៉ុន្តែ​លោក​មិន​បង្ហាញ​សុទិដ្ឋិនិយម​វែង​ឆ្ងាយ​ទៀត​អំពី​ឱកាស​ជ័យជម្នះ​របស់​អ៊ុយក្រែន​នោះ​ទេ​។​​ ​

ជាមួយ​គ្នា​នោះ​ មន្ត្រី​ជាន់​ខ្ពស់​ប្រចាំ​អឺរ៉ុប​ដដែល​ក៏​បាន​និយាយ​ផង​ដែរ​អំពី​បញ្ហា​ដែល​អាច​មាន​ចន្លោះ​ប្រហោង​​ក្នុង​ការ​ប្រមូល​ផ្ដុំ​ព័ត៌មាន​របស់​ភ្នាក់ងារ​ចារកម្ម​សម្ងាត់​អាមេរិក​ ដែល​​ឱ្យ​អាមេរិក​វាយ​តម្លៃ​ហួស​ហេតុ​សមត្ថភាព​របស់​រុស្ស៊ី​ ហើយ​មើល​ស្រាល​សមត្ថភាព​ការពារ​របស់​អ៊ុយក្រែន​​។

​ពេល​​​រុស្ស៊ី​​ចាប់​​ផ្ដើម​​លុក​​លុយ​អ៊ុយក្រែន​​ ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​​វាយ​តម្លៃ​ថា​ ​ការ​វាយ​ប្រហារ​ទូទាំង​ប្រទេស​អាច​នាំ​ឱ្យ​រដ្ឋធានី​កៀវ​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​រុស្ស៊ី​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ចូល​ដល់​ខែ​ទី​២​ហើយ​ យោធា​​រុស្ស៊ី​នៅ​តែ​បរាជ័យ​​​ ដោយ​​សារ​​បញ្ហា​​និរន្តរភាព ​​និង​​ភស្តុភារ​​ រួម​​ជាមួយ​​នឹង​​ការ​​តស៊ូ​​ដ៏​​​មិន​​នឹក​​ស្មាន​​ដល់​​ពី​​កង​​កម្លាំង​​អ៊ុយក្រែន​​​។​​​

ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​បន្ត​អូស​បន្លាយ​ រុស្ស៊ី​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ​នា​ទីក្រុង​អ៊ីស្តង់ប៊ុល​ថា​ ខ្លួន​នឹង​«​​កាត់​បន្ថយ​យ៉ាង​សណ្ធឹក​»​នូវ​ការ​វាយ​ប្រហារ​យោធា​របស់​ខ្លួន​ជុំ​វិញ​រដ្ឋធានី​កៀវ ​និង​ក្រុង​ Chernihiv ​ក្រោយ​យោធា​រុស្ស៊ី​​និយាយ​ថា ​ខ្លួន​នឹង​​ផ្ដោត​​សំខាន់​​លើ​ការ​ប្រយុទ្ធ​នៅ​តំបន់​ពួក​ផ្ដាច់ខ្លួន​ដែល​រុស្ស៊ី​គាំទ្រ​នៅភាគ​ខាង​កើត​អ៊ុយក្រែន​វិញ​​​។

ប្រភព៖ US commander estimates nearly three-quarters of Russian forces are dedicated to Ukraine https://www.foxnews.com/politics/us-commander-nearly-three-quarters-russian-forces-dedicated-to-ukraine

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner