ប្រមុខការទូតអង់គ្លេស គ្រោងធ្វើដំណើរទៅកាន់ឥណ្ឌា ខណៈទីក្រុងញូវដែលី នៅតែបដិសេដដាក់ទណ្ឌកម្មរុស្ស៊ី
ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី លីស ទ្រូស៍ (Liz Truss) នឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលបណ្តាប្រទេសលោកខាងលិចបាននិងកំពុងជំរុញឱ្យរដ្ឋអព្យាក្រឹតផ្លាស់ប្តូរជំហររបស់ពួកគេលើរុស្ស៊ី ជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន និងការព្រមានពីផលប៉ះពាល់សម្រាប់ការជួយទីក្រុងម៉ូស្គូឱ្យជៀសផុតពីការរឹតបន្តឹងសេដ្ឋកិច្ច។
ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោកស្រី ទូ្រស៍ និងសមភាគីឥណ្ឌារបស់លោកស្រី គឺលោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា នឹងធ្វើកិច្ចពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី រួមមានទាំងក្នុងតំបន់ និងពិភពលោក ដែលមានផលប្រយោជន៍ទៅវិញទៅមក។
ឥណ្ឌាបានអំពាវនាវរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញយុទ្ធនាការយោធាប្រឆាំងនឹងប្រទេសជិតខាងខ្លួននោះឡើយ។ រុស្ស៊ី និងឥណ្ឌា មានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យសូវៀតមកម្ល៉េះ។
បន្ថែមលើនេះ ទីក្រុងញូវដែលីក៏បានបដិសេធក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតថ្កោលទោសទីក្រុងម៉ូស្គូនៅដើមខែមីនានេះផងដែរ។
លោកស្រី ទ្រូស៍ បានពន្យល់ពីជំហររបស់ឥណ្ឌានៅពេលនោះ ដោយយោងទៅលើកម្រិតនៃការពឹងផ្អែកមួយចំនួនលើរុស្ស៊ី ដោយស្នើថា ចក្រភពអង់គ្លេសគួរតែជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិកាន់តែជិតស្និទ្ធជាមួយប្រទេសអាស៊ី៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

