ប្រធាន ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ៖ ជម្លោះយោធាកំពុងធ្វើឱ្យរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ស្ថិតក្នុងគ្រោះថ្នាក់មិនធ្លាប់មានពីមុនមក

វីយ៉ែន៖ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វអែល ក្រូស៊ី (Rafael Grossi) បានទៅដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ស្តីពីការផ្តល់ជំនួយបច្ចេកទេសជាបន្ទាន់ ដើម្បីធានាសន្តិសុខកន្លែងនុយក្លេអ៊ែររបស់ទីក្រុងកៀវ។

ទីភ្នាក់ងារ IAEA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក ក្រូស៊ី គឺដើម្បីផ្តួចផ្តើមការគាំទ្រផ្នែកសន្តិសុខ និងសុវត្ថិភាពភ្លាមៗដល់ទីតាំងនុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលនឹងរួមបញ្ចូលការបញ្ជូនអ្នកជំនាញ IAEA ទៅកាន់កន្លែងផ្តល់អាទិភាព និងការដឹកជញ្ជូនសម្ភារៈសន្តិសុខ និងសុវត្ថិភាពសំខាន់ៗ រួមទាំងឧបករណ៍ត្រួតពិនិត្យ និងសង្គ្រោះបន្ទាន់ផងដែរ។

លោក ក្រូស៊ី ត្រូវបានដកស្រង់សម្ដីថា ជម្លោះយោធាកំពុងធ្វើឱ្យរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន និងគ្រឿងបរិក្ខារផ្សេងទៀតមានសារធាតុវិទ្យុសកម្ម ស្ថិតក្នុងគ្រោះថ្នាក់មិនធ្លាប់មានពីមុនមក។ លោក ក្រូស៊ី បន្ថែមថា យើងត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីធ្វើឱ្យប្រាកដថា រោងចក្រទាំងនោះអាចបន្តប្រតិបត្តិការប្រកបដោយសុខសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ដែលអាចប៉ះពាល់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរទាំងក្នុងប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត។

IAEA បញ្ជាក់ទៀតថា លោក ក្រូស៊ី នឹងធ្វើដំណើរទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរមួយរបស់អ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកក្នុងសប្តាហ៍នេះ។ យោងតាមសេចក្តីថ្លែងការណ៍មួយទៀតរបស់ IAEA ដែលចេញផ្សាយនៅយប់ថ្ងៃអង្គារនេះ ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ក្នុងចំណោម ១៥ របស់អ៊ុយក្រែនកំពុងបន្តដំណើរការ ខណៈដែលម៉ាស៊ីនរ៉េអាក់ទ័រផ្សេងទៀតត្រូវបានបិទសម្រាប់ការថែទាំធម្មតា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner