តុលាការលើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន

ភ្នំពេញ៖ នៅទីបំផុតតុលាការបានសម្រេចលើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS ឱ្យដឹងថា “លោកញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែការចោទប្រកាន់ហើយ ហើយមានការបញ្ជាក់ថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើគាត់ទេ”។ ដីកាសម្រេចលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

យោងតាមដីកាសម្រេចលើកលែងការចោទប្រកាន់បានឱ្យដឹងថា តាមការពិនិត្យឯកសារនានាក្នុងសំណុំរឿង ឃើញថា អង្គហេតុដែលបានចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ និងមាត្រា៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ នោះ គឺសំអាងទៅលើចម្លើយរបស់ឈ្មោះ ជា ជុង ដែលបានឆ្លើយថា គាត់គ្រាន់តែជាអ្នកនាំឈ្មោះ គួង (គ័ង) ទៅជួបឈ្មោះ ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ហើយក៏ពុំមានភស្តុតាងដាក់បន្ទុកជាសាក្សី ឬឯកសារណាមួយដែលបានបញ្ជាក់ពីការចូលរួមរបស់ឈ្មោះ ញឹក ប៊ុនឆៃ ដែរ។

តាមច្បាប់ព្រហ្មទណ្ឌអន្តរកាលមាត្រា៣០ ចែងថា អាជ្ញាយុកាលសម្រាប់បទមជ្ឈិមមានរយៈពេលបីឆ្នាំ រីឯ អាជ្ញាយុកាលសម្រាប់បទឧក្រិដ្ឋមានរយៈពេលដប់ឆ្នាំ អាជ្ញាយុកាលត្រូវចប់នៅពេលណាសកម្មភាពនីតិវិធីទាំងអស់បានសម្រេច។

តាមដីកាសន្និដ្ឋានស្ថាពរលេខ៩៩៩ អ.យ.ខ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ របស់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស ជនជាតិខ្មែរ។ ដីកាសម្រេចលើកលែងការចោទប្រកាន់បានបញ្ជាក់ថា គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុច ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨,១ថ្មី ចំណុចទី៤ និងមាត្រា៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ គប្បីសម្រេចលើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ តាមបញ្ញត្តិមាត្រា ២៤៧ថ្មី ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៤៧ ,មាត្រា៣៦៨,មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហេតុដូច្នេះសម្រេចលើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតឡើង ញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយ៉ង ស្រុកភ្នំស្រួច ខេត្តកំពង់”// ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧។

សូមជម្រាបថា លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅយប់ទី៣០ ខែមេសា ឆ្នាំ២០១៨ លោក ញឹក ប៊ុនឆៃ ត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ)។ ការដោះលែងនេះ គឺបន្ទាប់លោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះលែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨៕
ដោយ៖ពលជ័យ

ads banner