ក្រុម Avatar FC ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ Dana Try Charity Cup រដូវកាលទី១ ក្រោយវាយកបកយកឈ្នះក្រុម 12 Happy FT

ក្រុម Avatar FC បានយកឈ្នះក្រុម 12 Happy FT ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល៤ទល់៣ បន្ទាប់ពីស្មើគ្នា៩០នាទី ៣ទល់៣ នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់សប្បុរសធម៌ Dana Try Charity Cup 2022 រដូវកាលទី១ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅកីឡដ្ឋានវេស្ទឺន រាជធានីភ្នំពេញ ។

ការប្រកួតដ៏ស្វិតស្វាញបំផុតនេះ ក្រុម Avatar FC បាននាំមុខ ១គ្រាប់មុន តែត្រូវក្រុម 12 Happy FT វាយបកនាំមុខ ៣-១ វិញ ។ ចូលដល់វគ្គទី២ ក្រុម Avatar បានព្យាយាមរកបានគ្រាប់តាមស្មើ ៣-៣ និងឈានដល់ទាត់បាល់១១ម៉ែត្រកាត់សេចក្ដី ក្រុម Avatar បានយកឈ្នះក្រុម 12 Happy ក្នុងលទ្ធផល ៤-៣ ហើយក្លាយជាក្រុមជើងឯកព្រឹត្តិការណ៍សប្បុរសធម៌ជាលើកដំបូងនេះតែម្តង ជាមួយនឹងប្រាក់រង្វាន់ ១ពាន់ដុល្លារ ឯក្រុមរងជើងឯក 12 Happy FT ទទួលបាន ៥០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន ក៏ទទួលបានថវិកាលើកទឹកចិត្ត ៣០០ដុល្លារដូចៗគ្នាទៀតផង ។

លោកស្រី ទ្រី ដាណា បង្ហាញអារម្មណ៍រំភើបខ្លាំង ដែលបានក្លាយជាចំនែកមួយចូលរួមសកម្មភាពកីឡា តាមរយៈមកទស្សនាផ្ទាល់ ។ លោកស្រី បន្តថា នេះមិនមែនជាលើកដំបូងទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ ដោយលោកស្រីគ្រោងបង្កើតកម្មវិធីបន្តបន្ទាប់ ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា និងសកម្មភាពសប្បុរសធម៌ជួយដល់សង្គមអោយបានច្រើន ។

«នេះគ្រាន់តែជាការរួមចំណែកតូចមួយប៉ុណ្ណោះ ដើម្បីបណ្ដុះស្មារតីស្រឡាញ់កីឡា និងអភិវឌ្ឍន៍វិស័យកីឡា ។ លោកស្រី ទ្រី ដាណា សង្ឃឹមថា អ្នកមានទ្រព្យធននានា នឹងចូលរួមទាំងអស់គ្នា ដើម្បីកីឡាបាល់ទាត់យើង រីកចម្រើនលឿនដូចប្រទេសនានា»។ លោកស្រី ទ្រី ដាណា បន្ថែមថា «បន្ទាប់ពីចប់កម្មវិធីនេះទៅ នាងខ្ញុំនឹងដឹកនាំតំណាងកីឡាករគ្រប់ក្រុមទៅធ្វើសកម្មភាពសប្បុរសធម៌រួមគ្នា នៅមណ្ឌលកុមារកំព្រាមួយ នៅខេត្តកំពង់ស្ពឺ ដើម្បីផ្សព្វផ្សាយ សកម្មភាពសប្បុរសធម៌ និងកីឡាជាមួយគ្នា» ។

សូមបញ្ជាក់ថា ពានសប្បុរសធម៌នេះ បានចាប់ផ្ដើមការប្រកួតកាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្នុងគោលបំណងស្វែងរកថវិកា ដើម្បីជួយដល់មណ្ឌលកុមារកំព្រាខ្វះខាតមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយក៏ដើម្បីរួមចំណែកលើកកម្ពស់ និងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ហើយតាមគម្រោងពាននេះនឹងរៀបចំ ៦ខែម្ដង ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner