និស្សិតវិទ្យាស្ថាន Cam-Ed បាននាំយក Labo លាងដៃ ចំនួន៣៨ ជូនសាលាបឋមសិក្សាយកបាត្រ និងចែករំលែកពីអត្ថប្រយោជន៍ នៃការរស់នៅស្អាតប្រកបដោយអនាម័យ
និសិ្សតវិទ្យាស្ថាន Cam-Ed Business School បាននាំយក Labo លាងដៃ ៣៨ ចែកជូនសាលាបឋមសិក្សាយកបាត្រ និងចែករំលែកឲ្យសិស្សានុសិស្សយល់ដឹងពីអត្ថប្រយោជន៍ នៃការលាងដៃ រស់នៅស្អាតប្រកបដោយអនាម័យ នៅសាលាបឋមសិក្សាយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីចុងសប្តាហ័កន្លងទៅ ។
លោក សឿន ចាន់ស៊ី តំណាងលោក Cassey Banette នាយកវិទ្យាស្ថាន Cam-Ed Business School បានអោយដឹងថា កម្មវិធីនេះ គឺចង់អោយសិស្សានុសិស្សាដែលជាកុមារតូចៗ ចេះរស់នៅប្រកបដោយអនាម័យ និងចង់អោយនិសិ្សតវិទ្យាស្ថានខេម ត្រូវចេះផ្ដល់អត្ថប្រយោជន៍ដល់សង្គមវិញ ទោះរៀនដល់កម្រិតណា ជោគជ័យកម្រិតណាក៏ដោយ ដូចជាការងារសប្បុរសធម៌ ឬក៏ការងារសង្គមផ្សេងៗ ។
ក្រៅពីការងារសង្គម ក៏មានវិស័យកីឡាផងដែរ តាមរយៈឧបត្ថម្ភសម្ភារ ថវិកាដល់សហព័ន្ធកីឡាជាតិ ជាពិសេសនោះបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាច្រើន ដើម្បីឲ្យនិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡាដើម្បីសុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព នឹងបង្កើននូវកិច្ចសហប្រតិបត្តិការល្អ ជាពិសេសគឺការរួមគ្នាធ្វើការជាក្រុម ។
លោក បន្តថា Cam-Ed Business School គឺជាវិទ្យាស្ថានដំបូងគេ ដែលរៀបចំអោយមានកម្មវិធីការប្រកួតកីឡាផ្នែកនារី នឹងបានបង្កើតព្រឹត្តការណ៍ប្រកួតកីឡាជាច្រើនទៀត ដូចជាកីឡាបាល់ទាត់បាល់ក្នុងសាល ទាំងបុរសនារីបាល់បោះ បុរស-នារី កីឡាអត្តពលកម្ម ប៉េតង់ ហើយថ្ងៃខាងមុខក៏មានគម្រោងបង្កើត កីឡាហែលទឹកផងដែរ ។
លោក វ៉ាន សាវុន ជានាយករងសាលាបឋមសិក្សាយកបាត្រ បានសម្តែងក្តីរីករាយ ដែលវិទ្យាស្ថាន Cam-Ed Business School បញ្ជូននិស្សិតរបស់ខ្លួន មកចែករំលែកបទពិសោធន៍ អំពីការរស់នៅប្រកប ដោយសុខភាព តាមរយៈការលាងដៃ ដល់កូនសិស្ស កុមារាកុមារី នៅក្នុងសាលាបឋមសិក្សាយកបាត្រ អោយជៀសផុតពីជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីត-១៩ និងបានឧបត្ថម្ភសាប៊ូលាងដៃ និង Labo មួយចំនួន ។ លោកនាយរង បន្តថា ក្នុងនាមនាយកសាលាបឋមសិក្សាយកបាត្រ លោកគ្រូអ្នកគ្រូ សូមថ្លែងអំណរគុណដល់វិទ្យាស្ថាន Cam-Ed Business School ដែលបានមកធ្វើការចែករំលែកបទពិសោធន៍ ពីការរស់នៅស្អាត ហើយជាមួយគ្នានេះ លោកនាយករង ក៏បានប្ដេជ្ញាថា នឹងបន្តផ្សព្វផ្សាយសកម្មភាពនេះ ដល់សិស្សានុសិស្សផ្សេងទៀត ទទួលបាននូវសុខភាពល្អ តាមរយៈញ៉ាំស្អាតផឹកស្អាត ។
សូមបញ្ជាក់ថា និស្សិតវិទ្យាស្ថាន Cam-Ed Business School ២៤រូប បាននាំយក Labo លាងដៃ ចំនួន៣៨ ជូនចែកសាលាបឋមសិក្សាយកបាត្រ និងបានចែករំលែកឲ្យសិស្សានុសិស្សយល់ដឹងពីអត្ថប្រយោជន៍ នៃការលាងដៃ រស់នៅស្អាតប្រកបដោយអនាម័យប្រចាំថ្ងៃ ដើម្បីជៀសឆ្ងាយពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីត-១៩ ដែលកំពុងបន្តរាតត្បាតនៅលើពិភពលោក និងកម្ពុជាយើងផងដែរ ៕ ចាន់ វិចិត្រ










