អគ្គកុងស៊ុល អនុព័ន្ធយោធា មន្ត្រីការទួត និងនិស្សិតកម្ពុជា ប្រចាំ ទីក្រុងហូជីមិញ ប្រទេសវៀតណាម គោរពវិញ្ញាណក្ខន្ធយុទ្ធ ជនពលី កម្ពុជាចំនួន ៤៩ រូប ដែលបានបញ្ចុះនៅបូជនីយដ្ឋាន ១២៥ នៃ ឃុំឡុងយ៉ាវ ស្រុកគឹមមី ខេត្តដុងណាយ
វៀតណាម៖ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗ នេះ អគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ និងមន្ត្រីការទូត អមដោយលោក អនុព័ន្ធយោធារងកម្ពុជា និងនិស្សិតកម្ពុជាកំពុង សិក្សា នៅទីក្រុងហូជីមិញ សរុបប្រមាណ ៦០នាក់ ទៅគោរព វិញ្ញាណក្ខន្ធយុទ្ធ ជនពលីកម្ពុជាចំនួន ៤៩ រូប ដែលបានបញ្ចុះនៅ បូជនីយដ្ឋាន ១២៥ នៃឃុំឡុងយ៉ាវ ស្រុកគឹមមី ខេត្តដុងណាយ។
ប្រភពបានបញ្ជាក់ថាក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីគោរពវិញ្ញាណក្ខន្ធនេះ ស្ថានអគ្គកុងស៊ុលក៏ បាននិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីប្រោសព្រហ្ម ឧទ្ទិសកុសល បង្សុកុល ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។
សកម្មភាពនេះ គឺដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរៈភាព ការតស៊ូ ភាពក្លាហាន ស្មារតី ប្រយុទ្ធដ៏អង់អាចរបស់ យុទ្ធជនពលីទាំងអស់ ដែលបានបូជាដើម្បីការរស់រានមានជីវិតរបស់ ប្រជាជាតិកម្ពុជាឡើងវិញ ចេញពីរបបវាលពិឃាត។
ការគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា ៤៩ រូប នៅថ្ងៃនេះ ត្រូវបាន ធ្វើឡើងក្នុងឱកាសជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងស្រប ពេលនៃខួបអនុស្សាវរីយ៍លើកទី៤៤ នៃការបង្កើតអង្គភាព ១២៥ (១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២២), ខួបលើកទី ៤៥ នៃដំណើរឆ្ពោះ ទៅរកផ្លូវរំដោះជាតិ ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការ ទូត រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ដែលប្រជាជននៃប្រទេស ទាំងពីរបានរួមដំណើរ ជាមួយគ្នា កាន់ដៃប្រកៀគស្មារគ្នា ហែលឆ្លងកាត់ ឧបសគ្គរាប់មិន អស់ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅ ពេលនេះ៕
ដោយ៖ង៉ាន ទិត្យ














