“កិច្ចប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវ បាន បង្ហាញជូនសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស”

ភ្នំពេញ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាន បញ្ចប់សម័យប្រជុំលើកទី៤៩ កាលពីថ្ងៃទី០១ ខែមេសាឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសតាមប្រធានបទនិងប្រទេសជាក់លាក់ចំនួន៤១ កិច្ចពិភាក្សា ទូទៅចំនួន៩ និងកិច្ចពិភាក្សាជាក្រុមចំនួន៨ ព្រមទាំងបាន អនុម័ត សេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទនិងប្រទេសជាក់លាក់ សរុបចំនួន៣៥។

ក្នុងអំឡុងនៃកិច្ចប្រជុំរយៈពេល៥ សប្តាហ៍ (ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃ ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ បានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍សរុប ៣៣ លើក បង្ហាញពីកិច្ចប្រឹងប្រែងសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង របស់កម្ពុជាក្នុងការលើក កម្ពស់និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្ដីពីការពង្រឹងរបៀបរបបការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអ្នក រាយការណ៍ពិសេស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្ សក្នុងប្រទេសមួយចំនួនផងដែរ។ ខាងក្រោមនេះគឺខ្លឹមសារសំខាន់ៗមួយចំនួន ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា ៖

•ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺរាតត្បាតកូវីដ១៩ បានប្រកាន់ គោលការណ៍សិទ្ធិមនុស្សជាស្នូល ជាពិសេសសិទ្ធិមានជីវិត សុខភាព និងការរស់រាន។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំនួន៨ជុំ ស្មើនឹងប្រមាណជាង៦០០លានដុល្លារ បានផ្តល់ជូនដល់គ្រួសារ ក្រីក្រជិត ៧០០.០០០ គ្រួសារ ឬស្មើនឹងប្រហែល២,៨ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃរបស់ កម្ពុជា បានសម្រេចនូវអត្រាជាង៩០% នៃចំនួនប្រជាជនកម្ពុជា សរុបពោលគឺលើសគោលដៅដែលបានកំណត់ដោយ អង្គការ សុខភាពពិភពលោក។

.ដោយអនុវត្តតាមការលើកឡើងថា “គ្មាននរណាម្នាក់អាច មាន សុវត្ថិភាពឡើយ ប្រសិនបើគ្រប់គ្នាពុំមានសុវត្ថិភាព” កម្ពុជាបាន បរិច្ចាកម៉ាស់ការពាររាប់លាន រួមជាមួយវ៉ាក់សាំង និងសម្ភារៈបរិក្ខារ វេជ្ជសាស្ត្រផ្សេងទៀត ដល់ប្រទេសមួយចំនួន ឈរលើស្មារតី សាមគ្គីភាពនិង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការ កើនឡើងនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។

•ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ កម្ពុជាសម្រេច បានវឌ្ឍនភាពយ៉ាងច្រើន ក្នុងការផ្តល់លទ្ធភាពជូនជនពិការ ទទួល បានសេវាសុខុមាលភាពសង្គម ស្របតាមផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព (២០១៩-២០២៣)។ នៅឆ្នាំ២០២១ កម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានកោតសរសើរកម្ពុជាថា ជា ប្រទេសមួយក្នុងចំណោមប្រទេសឈានមុខនានា ក្នុងការផ្តល់ សិទ្ធិអំណាចដល់ជនពិការ។

•ពាក់ព័ន្ធសិទ្ធិទទួលបានរបបអាហារ កម្ពុជាមានការប្តេជ្ញា ចិត្តខ្ពស់ ក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងការ សម្រេចបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ទាំងអស់ គ្នា ដែលស្ដែងឡើងតាមរយៈវិស័យអាទិភាពចំនួនបួន ដើម្បីសម្រេច ឱ្យបាននូវចក្ខុវិស័យស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។

ផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ ត្រូវបានចាប់ផ្ដើមអនុវត្ត ដើម្បី ឱ្យកសិករមានលទ្ធភាពទទួលបានប្រព័ន្ធកសិកម្មប្រកបដោយ
បរិយាប័ន្ននិងចីរភាព ជាពិសេស សម្រាប់ការអភិវឌ្ឍន៍គ្រាប់ពូជ។ លើសពីនេះ “បរិយាកាសអំណោយផលសម្រាប់អាជីវកម្ម បរិយាប័ន្ន នៅកម្ពុជា (IBeeC)” ក៏ត្រូវបានបង្កើតឡើងជាគោល នយោបាយអន្តរវិស័យថ្មី ដើម្បីគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រ ជាមួយកសិករខ្នាតតូច រួមទាំងជនជាតិដើមភាគតិច និងសមធម៌ កសិករផងដែរ។

•ដើម្បីរួមចំណែកការលុបបំបាត់អំពើហិង្សាលើកុមារនៅទូទាំងពិភពលោក នៅឆ្នាំ២០៣០ កម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក បានដាក់ ចេញនូវយន្តការ និងលិខិតូបករណ៍គោលនយោបាយជាច្រើន សំដៅការពារកុមារពីអំពើហិង្សា ក្នុងនោះរួមមានក្របខណ្ឌ គោល នយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ ច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងសេចក្តី ព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។ យុទ្ធនាការ “ទំនាក់ទំនងគ្រួសាររឹងមាំ” និងគម្រោង “ការបញ្ចប់អំពើហិង្សា លើកុមារទាំងក្នុងនិងនៅសាលារៀន នៅកម្ពុជា” ត្រូវបានចាប់ ផ្តើមអនុវត្ត ដើម្បីលើកកម្ពស់សិទ្ធិ និងការពារកុមារ។

•ចំពោះសិទ្ធិវប្បធម៌វិញ បន្ថែមលើការផ្តល់សច្ចាប័នលើអនុសញ្ញា ទាក់ទងនឹងវប្បធម៌ជាច្រើន កម្ពុជាក៏បានអនុម័តច្បាប់និង គោល នយោបាយជាតិនានា រួមទាំងច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌ វប្បធម៌ និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ដើម្បីការពារ និងលើកតម្កើងតម្លៃវប្បធម៌ និងបើកចំហរជើងមេឃវប្បធម៌ ឱ្យ កាន់តែទូលំទូលាយ បង្កបរិយាកាសអំណោយផលសម្រាប់ ការអភិវឌ្ឍទំនិញ និងសេវាកម្មវប្បធម៌ដែលមានគុណភាពខ្ពស់ នៅក្នុងប្រទេស។

•ជាប្រទេសដែលបានទទួលបានការកោតសរសើរចំពោះការអត់ឱនអន្តរជំនឿ និងភាពសុខដុមរមនាផ្នែកសាសនា ដោយសារ រាជរដ្ឋា ភិបាលបានប្រកាន់យកអភិក្រមវិជ្ជមាននិងប្រកបដោយបរិយាប័ន្នចំពោះគ្រប់សាសនានិងពូជសាសន៍ កម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការរក្សាឯកភាពជាតិ និងភាពសុខដុមរមនាក្នុងចំណោម ជាតិពន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ការចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងគម្រោងបែងចែកដី សម្រាប់ ការការអភិវឌ្ឍសង្គមកិច្ច-សេដ្ឋកិច្ច ២០២០-២០២៦ ត្រូវបានអនុវត្ត ដើម្បីធានាសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាជន និងទប់ស្កាត់ជម្លោះ ព្រមទាំងធានានូវបរិយាប័ន្នរបស់ជនជាតិ ភាគតិច ។

•កម្ពុជាគាំពារសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រី ដែល ត្រូវតែជាអាទិភាពលើគ្រប់វិស័យ។ ស្រ្តីកម្ពុជាបាននិងកំពុងដើរ តួនាទីដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការឆ្លើយតប ទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ក្នុងវិស័យសន្តិភាពនិងសន្តិសុខ កម្ពុជាមានមោទនភាពដែលជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោម ប្រទេសចំនួន១២២ និងលេខ២ក្នុងចំណោមប្រទេសអាស៊ាន ដែល បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ក្នុងបេសកកម្មរក្សា សន្តិភាព របស់អង្គការសហប្រជាជាតិ។

•ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំជាស្រ្តី លើកទី២ ក្រោមប្រធានបទ “កសាងចីរភាព បរិយាប័ន្ន និងភាពធន់៖ សហគ្រិនភាពរបស់ស្រ្តីនៅអាស៊ាន”។

•ការដោះស្រាយចំពោះការកើនឡើងនៃការប្រើប្រាស់ភាសាស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ដែលពួនជ្រក ក្រោម ស្លាកសេរីភាពនៃការបញ្ចេញមតិ គួរជាអាទិភាពរបស់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស។

•កម្ពុជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសំដៅកែលម្អការងាររបស់អ្នករាយការណ៍ពិសេស រួមទាំងការអំពាវនាវឱ្យបង្កើតយន្តការត្រួត ពិនិត្យ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ក្រម សីលធម៌របស់អ្នករាយការណ៍ពិសេស ។ ឯករាជ្យភាពមិនអាច គេចចេញពីការទទួលខុសត្រូវបានទេ។

ចុងបញ្ចប់ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសផ្ដួចផ្ដើម (co-sponsor) លើសេចក្តីថ្លែងការណ៍រួម មួយចំនួន លើប្រធានបទ ជាច្រើន រួមមាន ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ សិទ្ធិកុមារ ជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព សិទ្ធិអភិវឌ្ឍន៍ ជាដើម ៕ ដោយៈ ពលជ័យ

ads banner