គណៈប្រតិភូរបស់ខេត្តដុងថាប់ វៀតណាម អញ្ជើញបំពេញទស្សនកិច្ច ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ គណៈប្រតិភូរបស់ខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ចើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ។

លោក អោម ចន្ថា អភិបាលស្តីទីខេត្តបន្ទាយមានជ័យ លោក ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំវិស័យសាធារណៈ និងវិស័យឯកជនមួយចំនួនបានស្វាគមន៍ និងទទួលកិច្ចប្រាស្រ័យសំណេះសំណាលជាមួយប្រតិភូខេត្តដុងថាប់ ដែលដឹកនាំដោយ លោក ហ៊ិញ មិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និង លោក គៀវ ធេឡឹម អនុប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំធំសាលាខេត្ត ។

មន្ត្រីថ្នាក់ដឹកនាំខេត្តទាំងពីរបានផ្លាស់ប្តូរព័ត៌មានទូទៅនិងដោយឡែកលើចំណុចមួយចំនួននៃភូមិសាស្ត្រ ស្ថានភាពនិងសក្តានុពលលើវិស័យសេដ្ឋកិច្ច និងសង្កមកិច្ច ព្រមទាំងប្រវត្តិសាស្ត្រ និងផ្លែផ្កានៃទំនាក់ទំនង ចំណងមេត្រីភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កម្ពុជា វៀតណាម និយាយរួមនិងនិយាយដោយឡែករវាងខេត្តទាំងពីរ បន្ទាយមានជ័យ – ដុងថាប់ ។

មន្ត្រីថ្នាក់ដឹកនាំទាំងពីរទទួលស្គាល់ថា ខេត្តចំណងមេត្រីភាពជាផ្លូវការទាំងពីរតាមរយ:ការចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាអាណត្តិលើកទី១ នាឆ្នាំ២០១១និងលើកទី២ នាឆ្នាំ២០១៦នេះ មានសក្តានុពលច្រើន ។
ប៉ុន្តែកិច្ចសហប្រតិបត្តិការ និងការទាញយកប្រយោជន៍រួមគ្នា មិនទាន់អស់កម្លាំងនៃសក្តានុពលរបស់ខេត្តទាំងពីរនោឡើយ ពិសេសលើវិស័យសេដ្ឋកិច្ច ។

ហេតុនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ អះអាងថា នៅក្រោយពីវិបត្តសាកលនៃជម្ងឺកូវីដ១៩ ភាគីទាំងពីរនឹងជម្រុញពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។

លោក ហ៊ិញ មិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ ក្នុងនាមបក្ស រដ្ឋ និងប្រជាជន សូមថ្លែងអំណរគុណភាគីមិត្តកម្ពុជា ហើយសូមអនុញ្ញាតិបួងសួងគោរពជូន ពរជ័យ សិរិសួរស្តី និងជោគជ័យ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងឱកាសឆ្លងបុណ្យឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពស២៥៦៥ នាពេលខាងមុខនេះ ៕ដោយ៖ ឃឹន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner