សត្វកេងកងធំសម្បូររស់នៅខេត្តកោះកុង មណ្ឌលគិរី និងខេត្តរតនគិរី របស់ប្រទេសកម្ពុជា
ភ្នំពេញ៖សត្វកេងកងធំ Great Hornbill ឬមានឈ្មោះវិទ្យាសាស្ត្រហៅថា Buceros bicornis ជាប្រភេទកំពុងទទួលរងការគំរាមកំហែងលើពិភលោក និងត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការIUCN ។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាសត្វកេងកងធំវាមានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជា។ ពួកវាមានទីជម្រកនៅតាមតំបន់ព្រៃស្រោង នៃភូមិភាគខាងត្បូង ភូមិភាគខាងជើង និងភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជានៅខេត្តកោះកុង មណ្ឌលគិរី និងខេត្តរតនគិរី ។
សត្វកេងកងជាទូទៅ វាមានមាឌធំ ក្បាលមានពណ៌ខ្មៅលាយលឿងស្រាល និងពណ៌សមានចំពុះធំ ផ្នែកខាងលើចំពុះមានរាងដូចស្នែង ពណ៌លឿងស្រាល កន្ទុយពណ៌ស និងមានបង្កង់ធំខ្មៅនៅផ្នែកកណ្តាល ភ្នែកក្រហមស្រាល នៅលើស្លាប មានឆ្នូតធំពីរ គឺពណ៌សលាយលឿងស្រាល។
ញីមានមាឌតូចជាង និងមានពណ៌ខ្មៅតិចតួចនៅលើផ្នែក រាងដូចស្នែងនៃចំពុះ និងមានភ្នែកពណ៌សស្រាល។ ផ្លែឈើជាអាហារចម្បងរបស់វា ហើយនៅរដូវបន្តពូជវា ធ្វើសំបុកនៅក្នុងរន្ធនៃដើមឈើ៕ ដោយ៖ម៉ាដេប៉ូ


