ប្រមុខរាជរដ្ឋាភិបាលម្ពុជា ឱ្យតម្លៃខ្ពស់ដល់សន្តិភាពនិងថា កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្វែងរកសន្តិភាព
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្វែងរកសន្តិភាព ។ សម្ដេចបានដាក់ចិត្តក្នុងការប្ដេជ្ញាការពារនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាដោយសារតែមិនចង់ឃើញយុវជនជំនាន់ក្រោយ ជួបវាសនាអភ័ព្វដូចសម្ដេចនោះទេ។
ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក់ព្រះថោងនាងនាគនៅក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃការបាត់បង់ភ្នែកម្ខាងរបស់សម្ដេចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ដោយថាគឺជាសោកនាដកម្មនៃសង្គ្រាមដែលបានធ្វើឲ្យយុវជនដូចសម្ដេចទទួលរងគ្រោះបែបនេះទេ។
សម្ដេចថា៖ ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំមានឱកាសក្នុងដើម្បីដឹកនាំប្រទេសខ្ញុំព្រះករុណាខ្ញុំប្ដូរផ្ដាច់ដើម្បីដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព។ ស្វែងរកសន្តិភាពជូនប្រជាជនឲ្យខានតែបាន ខ្ញុំមិនចង់ឃើញយុវជន ឬកុមារ មានវាសនាអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំដែលក្លាយខ្លួនជាជនរងគ្រោះនៃសង្គ្រាម។
សម្ដេចតេជោ បានបន្តថាសម្ដេចមិនចង់ឱ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពនៃប្រទេសនេះទេ ដោយថាការអាចត្រឡប់មកប្រារព្ធនូវពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ និងការរីកចម្រើនរបស់កម្ពុជាគឺដោយសារតែកត្តាសន្តិភាព។
សម្ដេចបានប្រកាសពីការឱ្យតម្លៃយ៉ាងខ្ពស់ដល់សន្តិភាពនិងថា កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្វែងរកសន្តិភាព ៕ ដោយ វណ្ណលុក








