អាស៊ាន និងសហព័ន្ធបាល់ទាត់ពិភពលោក ចុះអនុស្សារណៈរួមគ្នាអភិវឌ្ឍន៍ និងពង្រឹងវិស័យបាល់ទាត់
បាងកក, ថៃ៖ អាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក បានចុះអនុស្សារណៈយោគយល់ជាមួយគ្នា ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងពង្រឹងវិស័យបាល់ទាត់ឱ្យកាន់តែល្អប្រសើរ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងអគ្គលេខាធិការអាស៊ាន លោក លីម ចុក ហយ (Dato Paduka Lim Jock Hoi) ជាមួយលោក ហ្គៀននី អ៉ីនហ្វេនទីណូ (Gianni Infantino) ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន។ ពិធីនេះមានការអញ្ជើញជាធិបតីពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន។
នៅក្នុងពិធីដ៏មានអត្ថន័យនោះ លោកអគ្គលេខាធិការអាស៊ាន និងលោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដែលមានប្រជាជនរស់នៅជាង ៦៥០លានាក់។
លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានវាយតម្លៃខ្ពស់ និងបានចាត់ទុកថា ការចុះហត្ថលេខាលើអនុស្សារណៈនេះ គឺព្រឹត្តិការណ៍លើកទី១ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។
លោកប្រធានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកក្ពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។
នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញថ្វាយ និងជូនអាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ផងដែរ៕