រុស្ស៊ីអះអាងពីការគ្រប់គ្រងទាំងស្រុងលើតំបន់ក្បែរទីក្រុងម៉ារីយូប៉ូល
ម៉ូស្គូ៖ យោធារុស្ស៊ីនៅថ្ងៃសៅរ៍សប្តាហ៍មុននេះបានបញ្ជាក់ថា តំបន់ជាយទីក្រុងម៉ារីយូប៉ូល នៅភាគខាងកើតអ៊ុយក្រែន ត្រូវបានបោសសម្អាតទាំងស្រុងពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក អ៊ីហ្គោ កូណាសិនកូវ បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា ទាហានអ៊ុយក្រែន ១,៤៦៤នាក់បានចុះចាញ់ក្នុងកំឡុងការប្រយុទ្ធគ្នានៅក្នុងទីក្រុង។ ក្នុងនាមជាទីក្រុងកំពង់ផែសំខាន់មួយនៅសមុទ្រ អាសូវ (Azov) ទីក្រុងម៉ារីយូប៉ូល កំពុងរងគ្រោះពីអំពើហិង្សាដ៏អាក្រក់បំផុតមួយនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
ដោយឡែក ក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃសុក្រកន្លងទៅក៏បានអះអាងដែរថា កងកម្លាំងរបស់ខ្លួននៅតែប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅទីក្រុងម៉ារីយូប៉ូល បន្ទាប់ពីជិតប្រាំពីរសប្តាហ៍ចាប់តាំងពីទីក្រុងនេះត្រូវបានឡោមព័ទ្ធ។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានព្រមានផងដែរថា ការលុបបំបាត់កងទ័ពអ៊ុយក្រែននៅទីក្រុងម៉ារីយូប៉ូល នឹងបិទបញ្ចប់ការចរចាណាមួយជាមួយរុស្ស៊ី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា



