វេទិកាពិភាក្សាពិគ្រោះយោបល់ជាមួយអាជីវករ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកោះរ៉ុង នារសៀលថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៩៖ បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយអាជីវករ ដែលកំពុងធ្វើអាជីវកម្មនៅក្រុងកោះរ៉ុង សរុបចំនួនប្រមាណ១៥០ នាក់ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខត្តព្រះសីហនុ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុងកោះរ៉ុងប្រកបដោយចីរភាព។ ឯកឧត្តម វ៉ាន់ មុនីនាថ បានបញ្ជាក់ថា ដើម្បីចម្រេចបាននិរន្តរភាព និងគុណភាពរស់នៅស្តង់ដារខ្ពស់របស់ពលរដ្ឋតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និង២០៥០ ការអភិវឌ្ឍក្រុងកោះរ៉ុង ត្រូវមាន (១)ការរៀបចំប្រព័ន្ធផែនការមេនគរូបនីកម្ម (២)យន្តការគ្រប់គ្រងសម្រាប់ផ្តល់សេវាសាធារណៈ (៣)ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (៤)ការបណ្តុះបណ្តាលជំនាញវិវត្តន៍តាមតម្រូវការទីផ្សារ (៥)ការរៀបចំលំនៅដ្ឋានទីក្រុងប្រកប ដោយនិរន្តរភាពបរិស្ថាន (៦)ការអភិរក្សធនធានសមុទ្រ (៧)តម្រូវការប្រព័ន្ធសុខាភិបាល និង (៨)ការប្រគួតប្រជែងផ្នែកសេដ្ឋកិច្ច។
បន្ទាប់ពីមានការជជែក និងការបង្ហាញនានារួចមក វេទិកាបានសម្រេចលើការចូលរួមសហការគ្នា លើ វិធានការចំពោះមុខ ដែលក្នុងនោះម្ចាស់អាជីវកម្ម ត្រូវរួមគ្នា ១)ចូលរួមអនុវត្ត ទទួលខុសត្រូវ និងទប់ស្កាត់សកម្មភាពខុសច្បាប់ និងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ ២)បន្តរៀបចំទុកដាក់សំរាម កាត់បន្ថយសំណល់ប្លាស្ទិក និងការបង្ហូរទឹកកខ្វក់ចូលសមុទ្រ (៣)ចូលរួមធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរ (៤)ចូលរួមការពារ និងអភិរក្សព្រៃឈើ និងធនធានសមុទ្រ និងការអនុវត្តច្បាប់ និង(៥)សំណូមពរឱ្យមានក្រុមអន្តរាគមន៍គ្រូពេទ្យ និងការបំពាក់កាំម៉ារ៉ាសុវត្ថិភាព ការបង្ការអគ្គីភ័យ និងការដាក់ស្លាកសញ្ញាសុវត្ថិភាពតាមទីតាំងឆ្នេរផងដែរ។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner