ក្រុមហ៊ុន One More Manufacturing បើកសម្ពោធជាផ្លូវការរោងចក្រផលិតដ៏ទំនើប ក្រោមស្លាកសញ្ញា “មីជាតិ” ដែលនេះជាមោទនភាពស្នាដៃខ្មែរ និងតម្លៃនៃប្រជាជាតិខ្មែរ
ភ្នំពេញ៖ នេះជាមោទកភាពមួយរបស់កម្ពុជា ដែលមានក្រុមហ៊ុនខ្មែរក្នុងស្រុករបស់យើងអាចមានសមត្ថភាពបង្កើតផលិតផលដោយខ្លួនឯងបាន តាមស្តង់ដាអន្តជាតិ ជំនួសការនាំចូលពីបរទេស នៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារ ។
ការថ្លែងបែបនេះត្រូវបានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រផលិត «មីជាតិ» របស់ក្រុមហ៊ុន ONE MORE MANUFACTURING CO.,LTD នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នំា២០១៩នេះ ដែលមានទីតំាងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ក្នុងភូមិត្រពំាងពោធិ សង្កាត់គោករកា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តមបន្តថា កិច្ចដំណើរការនៃរោងចក្រផលិតមីក្នុងស្រុកដ៏ធំ និងទំនើបនេះក៏បានបង្ហាញពីការរួមចំណែកមួយថ្មីទៀតពីវិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋាន និង សេដ្ឋកិច្ច ក៏ដូចជាការបង្កើតឱកាសការងារ និង បង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ដែលប្រការនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ផលិតផល មីជាតិ ថ្មីនេះ ពិតជានឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ពីព្រោះ មីជាតិ ត្រូវបានផលិតឡើងប្រកបដោយស្តង់ដាអន្តរជាតិខ្ពស់ ពោលគឺគុណភាពត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ហើយរោងចក្របំពាក់ដោយម៉ាស៊ីន និង បច្ចេកវិទ្យាទំនើបរបស់ជប៉ុន ។ រីឯរសជាតិទៀតសោត ក៏ធ្វើឡើងតាមតម្រូវចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដូចទៅនឹងពាក្យស្លោក មីជាតិ ដែលថា “ស្នាដៃខ្មែរ រសជាតិខ្មែរ” ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD.បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកជំទាវបានបើកសម្ភោធជាផ្លូវការ នូវរោងចក្រដ៏ទំនើប និង ដំបូងគេក្នុងប្រទេសកម្ពុជា ដែលផលិតមីកញ្ចប់មានគុណភាពខ្ពស់ ក្រោមស្លាកសញ្ញា «មីជាតិ»នេះ គឺជាសមិទ្ធិផលថ្មី ដែលនាំមកនូវមោទនភាពស្នាដៃខ្មែរ និង តម្លៃនៃប្រជាជាតិខ្មែរដល់ប្រទេស និង ប្រជាជនកម្ពុជា ។ លោកជំទាវបញ្ជាក់ថា ជាការពិតណាស់ ការវិនិយោគទុននេះ មិនមែនជាការវិនិយោគដោយឯកឯង និង គ្មានផែនការច្បាស់លាស់នោះទេ ពោលគឺការវិនិយោគទុននេះ ធ្វើឡើងស្របតាមស្ថេរភាព សន្តិភាព និង ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកំណើនសេដ្ឋកិច្ចត្រូវបានរក្សាក្នុងចន្លោះប្រមាណ ៧% នៅអំឡុងពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ និង ដោយផ្អែកលើកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកជំទាវនាយិកាបន្តថា លើសពីនេះទៅទៀតនោះ យើងក៏សង្កេតឃើញពីតម្រូវការឥតឈប់ឈរផ្នែកចំណីអាហារក្នុងស្រុកផងដែរ ដែលនេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង១៦លាននាក់ និង កាត់បន្ថយការពឹងផ្អែកលើសង្វាក់ផលិតកម្មរបស់បរទេស ឬ ប្រទេសជិតខាង ។ លោកជំទាវបន្ថែមថា ការបង្កើតផលិតផលមីជាតិនេះឡើង គឺជាបំណងប្រាថ្នា និង ជាការខិតខំប្រឹងប្រែងដ៏មុះមុតរបស់ក្រុមការងារ ដែលប្តេជ្ញាចិត្តបង្កើតផលិតផលជាតិ ដែលមានគុណភាពខ្ពស់ និង ការទទួលស្គាល់ពីសំណាក់មហាជន ប្រជាពលរដ្ឋខ្មែរនៅក្នុងទីផ្សារជាតិយើង ។ មីជាអាហារប្រចាំថ្ងៃដែលមានប្រជាប្រិយ បន្ទាប់ពីបាយ ហើយក៏ជាអាហារដែលចំណាយពេលតិចក្នុងការចំអិន និង ងាយស្រួលរៀបចំសម្រាប់បរិភោគ មិនតែប៉ុណ្ណោះ ផលិតផលមួយនេះ គឺពិតជាសមស្របចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាប មធ្យម និងខ្ពស់ ដែលអាចបរិភោគសឹងគ្រប់ពេលវេលា មិនថា ព្រឹក ថ្ងៃ ល្ងាច ឬយប់ ។ នេះជាចំណុចលេចធ្លោមួយ ដែលផ្តល់ជាថាមពលដល់ក្រុមការងារខិតខំប្រឹងប្រែង ក្នុងការបន្តបេសកម្មមួយនេះឲ្យបានជោគជ័យ ។
លោកជំទាវនាយិកាបានបញ្ជាក់ទៀតថា ក្រុមការងារបង្កើតផលិតផលិតនេះឡើង ដោយប្រកាន់ភ្ជាប់នូវគោលបំណងចម្បង៣រួមមាន៖ ទី១. ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យផលិតចំណីអាហារ ក្នុងស្រុកឲ្យមានភាពជឿនលឿន មិនចាញ់ប្រទេសជិតខាង ។ ពោលគឺសំដៅកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិតផលពីបរទេស ។ ទី២. ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតចំណីអាហារនៅក្នុងស្រុក ដែលប្រកបដោយអនាម័យ សុវត្ថិភាព និង ស្តង់ដាសមស្រប និង ទី៣. ដើម្បីចូលរួមបង្កើតឱកាសការងារថ្មីៗបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលការណ៍អភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ជឹង សុគន្ធាវី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ឲ្យចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក ។ ក្រុមហ៊ុន មីជាតិ នឹងបន្តអភិវឌ្ឍខ្លួនទៅមុខទៀត ដើម្បីឲ្យក្លាយជាក្រុមហ៊ុនជាតិ ដែលត្រូវបានទទួលស្គាល់ក្នុងវិស័យផលិតមីកញ្ចប់នៅទីផ្សារក្នុងស្រុក ។ បន្ថែមលើនេះ ក្រុមហ៊ុនមីជាតិប្តេជ្ញាថា នឹងបន្តខិតខំពង្រឹងគុណភាពផលិតផល ផ្តល់ជូនសេវាកម្មកាន់តែប្រសើរ និងបង្កើតកម្មវិធីថ្មីល្អៗជាច្រើនទៀត ដើម្បីបម្រើអតិថិជនឲ្យបានល្អបំផុត និង បង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋកម្ពុជា ក្រោមពាក្យស្លោកថា «មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ» ។
លោកជំទាវបានបន្ថែមទៀតថា ក្រោមរូបភាពជាផលិតផលជាតិ យើងប្រកាន់នូវឆន្ទៈខ្មែររួប រួម ខ្មែរជួយខ្មែរ ដើម្បីមោទនភាពជាតិខ្មែរ ។ ដូច្នេះ មីជាតិ ក៏មិនខុសពីផលិតផលទឹកពិសាវីតាល់នោះដែរ គឺបានយកចិត្តទុកដាក់ទៅលើការចូលរួមក្នុងសកម្មភាពជួយសង្គម និងសប្បុរសធម៌ ។ ជាក់ស្តែងនៅឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុនមីជាតិនឹងចូលរួមសហការ រៀបចំព្រឹត្តិការណ៍សប្បុសរធម៌ថ្នាក់ជាតិ ដើម្បីជាចលនារបស់ប្រជាជនកម្ពុជា រួមគ្នាប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាជាមួយនឹងមូលនិធិគន្ធបុប្ផាកម្ពុជា ។
សូមជម្រាបថា មីជាតិត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធន៍ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និង ការពេញនិយមរបស់អតិថិជន ដើម្បីជានិរន្តរភាព និង ភាពយូរអង្វែងនៃផលិតផលមីជាតិ ដែលជាផលិតផលស្នាដៃខ្មែរ រសជាតិខ្មែរ ៕