ពិធីបើកបវេសនកាលឆ្នាំសិក្សា«២០១៩-២០២០» នៅសាលាបឋមសិក្សា ព្រមទាំងចូលរួមលេងកីឡាទាញព្រ័ត្រ ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិផងដែរ
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជា៤៦០នាក់ បានចូលរួមពិធីអបអរសាទរ នៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សា «២០១៩-២០២០» ដែលពិធីបានរៀបចំឡើង ក្នុងបរិវេណសាលាបឋមសិក្សារកាកោង២ ស្ថិតក្នុងឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ព្រមទាំងចូលរួមលេងកីឡាទាញព្រ័ត្រ ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិផងដែរ ។
លោក ពៅ វណ្ណា ក៏បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាមួយក្មូយៗ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់ដែលបាន និងកំពុងសស្រាក់សស្រាំរៀបចំខ្លួនអបអរសាទរ ថ្ងៃ ផ្ដើមជីវិតសិក្សាដំបូង របស់ក្មួយៗ សិស្សានុសិស្ស ដែលទើបនឹងដល់អាយុចូលសាលារៀន និងជាថ្ងៃ ដែលក្មួយៗសិស្សានុសិស្សនិស្សិត បន្តចូលរៀនសូត្រនៅកម្រិតថ្នាក់ខ្ពស់បន្តទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងមនោសញ្ចេតនារីករាយកក់ក្តៅ និងមោទនភាពជាទីបំផុត ។
ជាមួយគ្នានេះ លោក ប្រធានការិយាល័យកីឡា ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតាអាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្រាប់ជួយ ជ្រុំជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក ។ លោក ពៅ វណ្ណា បានផ្ដាំផ្ញើដល់មាតាបិតាអាណាព្យាបាលសិស្ស និងសហគមន៍ត្រូវនាំគ្នាបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀន នៅដើមបវេសនកាឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា នឹងត្រូវយកចិត្តទុកដាក់តាមដានការសិក្សា របស់កូនចៅឲ្យបានជាប្រចាំ សូមបង្កើតបរិយាកាសល្អក្នុងក្រុមគ្រួសារក៏ដូចជាការផ្ដល់ ដំបូន្មានដល់កូនចៅទាំងផ្នែក សុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្ស ពោរពេញដោយសមត្ថភាពទេពកោសល្យ ព្រមទាំងទទួលបានសម្បទានសម្រាប់ការចាប់យកវិជ្ជាបំណិន និងចរិយា ឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូង នៃប្រទេសជាតិយើង ។
ជាចុងក្រោយតំណាងអោយមន្ទីរអប់រំយុវជន និងកីឡា លោក ពៅ វណ្ណា បានឧបត្ថម្ភជាសម្ភារៈសិក្សាដល់សិស្សានុសិស្សប្រមាណជា៤៦០នាក់ ព្រមទាំងបានដឹកនាំសិស្សានុសិស្សចូលរួមលេងកីឡាទាញព្រ័ត្រ ដើម្បីបង្កនូវភាពសប្បាយរីករាយ ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិផងដែរ ៕