ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យមានប្រតិបត្តិល្អចំពោះបរិស្ថាននៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ ” រួមគ្នាដើម្បីមេត្រីភាពបរិសា្ថន ” រៀបចំឡើងនៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន លើកទឹកចិត្តដល់ប្រតិបត្តិករ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង២០ឆ្នាំ  និងការអភិវឌ្ឍន៍ប្រទេស បានជំរុញឱ្យប្រជាជនកម្ពុជា មានការគិតគូរខ្ពស់ជាងមុន ហើយជាពិសេសការគូរពីការរស់នៅឱ្យបានល្អជាងមុន ហើយបានផ្លាស់ប្តូរទម្លាប់ប្រែក្លាយសង្គមជាតិ ងាកមករកការគិតលើការថែរក្សាអនាម័យ លើសុខភាព គឺជាពិសេសចំពោះបុព្វហេតុបរិស្ថាននៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យមានការគិតគូពីការធ្វើអនាម័យនៅតាមគេហដ្ឋាន ចូលរួមប្រើប្រាស់សម្ភារៈដែលផលិតបានក្នុងប្រទេស ដែលអាចជួយកាត់បន្ថយបានការនាំចូលការបំពុលបរិស្ថាន ដូចជាការប្រើប្រាស់វត្ថុប្លាស្ទិក ឬចំណីអាហារដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព។

ឯកឧត្តម បានលើកទឹកចិត្ត ឱ្យមានចូលរួមប្រើប្រាស់នូវផលិតផលដែលមិនប៉ះពាល់ និងប៉ះពាល់តិចតួចដល់បរិស្ថាន ការបរិភោគបន្លែ ផ្លែឈើក្នុងស្រុក ដែលអាច ជួយដល់ជីវភាព ក៏ដូចជាសុខភាពផងដែរ។ ការនិយាយបែបនេះ ឯកឧត្តមរដ្ឋមន្រ្តី មិនបានបដិសេដការនាំចូល ឬបរិភោគអាហារ និងផ្លែឈើនាំចូលពីបរទេសនោះទេ តែទាំងអស់នេះជាសកម្មភាពចូលរួម ប្រតិបត្តិមេត្រីភាពបរិស្ថាន។
ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណ និងអបអរសាទរផងដែរដល់ប្រជាពលរដ្ឋ ជាពិសេសដល់ប្រតិបត្តិករ ដែលបានចូលរួមបង្កើតឱ្យការផ្សព្វផ្សាយការអប់រំបរិស្ថាន តាមរយៈស្នាដៃ និងសកម្មភាពប្រតិបត្តិមេត្រីភាពល្អនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញនូវសុទិដ្ឋិនិយមថា ការចូលរួមពីប្រតិបត្តិករ និងអ្នកស្មគ្រចិត្ត ដើម្បីបរិស្ថាននៅថ្ងៃនេះ នឹងក្លាយជាចលនាកសាងវប្បធម៌បរិស្ថានថ្មីសម្រាប់កម្ពុជាទៅអនាគត។
សូមបញ្ជាក់ថា កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” រៀបចំ ក្នុងគោលបំណង៖
•  លើកទឹកចិត្តដល់ប្រតិបត្តិករ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសកម្មភាពប្រតិបត្តិមេត្រីភាព បរិស្ថានរបស់ប្រតិបត្តិករគំរូសម្រាប់ឆ្នាំ២០១៩នេះ 
•  ការចែករំលែកបទពិសោធន៍ប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករគំរូដល់រូបវន្តបុគ្គល និងនិតិបុគ្គលផ្សេងៗទៀតបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសកម្មភាពចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន
•  បញ្រ្ជាបការយល់ដឹងពីការប្រតិបត្តិមេត្រីភាពបរិស្ថានដល់យុវជន ប្រជាសហគមន៍ សាធារណជន ឱ្យចូលរួមស្រលាញ់ធម្មជាតិ និងចូលរួមគាំពារបរិស្ថានឱ្យបានល្អ
•  ជំរុញការផ្សព្វផ្សាយបន្តដល់ សាធារណជនដ៍ទៃទៀតពីសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បី ទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន  ការអភិរក្សជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព។
កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” រៀបចំឱ្យមានការសំដែងសកម្មភាព និងការបង្ហាញចែករំលែកបទពិសោធន៍ ពីប្រតិបត្តិករ រូបវន្តបុគ្គល និងនិតិបុគ្គលវិស័យឯកជន ពីការងារជួយដល់មេត្រីភាពបរិស្ថាននៅកម្ពុជាកន្លងមក។ ជាមួយគ្នានេះក្រសួងបរិស្ថានបានលើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់ប័ណ្ណ សរសើរមេត្រីភាពបរិស្ថា ដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានចូលរួមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន មានជាអាទិ៍៖ ការធ្វើអនាម័យ ការទុកដាក់សំណល់ ការដាំដើមឈើ បង្កើតផ្ទៃបៃតង   ការសន្សំសំចៃធនធានទឹក និងថាមពល ការបង្កើតបច្ចេកវិទ្យាបៃតងជាដើម។ល។ផងដែរ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner