ជនសង្ស័យជនជាតិឥណ្ឌូនេស៊ីម្នាក់ ជាមួយគ្រឿងញៀនទម្ងន់ប្រមាណ១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តស្ទឹងត្រែង
អត្ថបទដោយ៖
Kien Sereyvuth
នៅវេលាថ្ងៃត្រង់ថ្ងៃទី១វិច្ឆិកានេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានធ្វើការឆែកឆេរទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅចំណុចមុខកន្លែងប្រថាប់ត្រាចេញ-ចូល ប្រទេស និងបានរកឃើញក្នុងវ៉ាលីមាន មានម៉្សៅក្រាមពណ៌សថ្លា ច្រកក្នុងប្រអប់កាដូគ្រប់ប្រភេទចំនួន ២កញ្ចប់ធំ និង ២កញ្ចប់តូច ដែលទម្ងន់ប្រហែល១គីឡូក្រាម សង្ស័យជាសារធាតុញៀន មេតំហ្វេតាមីន ម៉ាទឹកកក។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីនោះ មានឈ្មោះ ABUS ROHMAN ភេទប្រុស អាយុ ៣៤ឆ្នាំ ទីកន្លែងកំណើត ប្រទេសឥណ្ឌូនេស៊ី។ ក្រោយពីធ្វើកំណត់ហេតុសាកសួរបំភ្លឺរួច កម្លាំងនគរបាលប៉ុស្តិ៍ បានប្រគល់ជនសង្ស័យខាងលើ ទៅឲ្យកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕ធ.ដ