ជនផ្សំគំនិត២រូប ដែលឃុបឃិតគ្នារៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលត្រូវចាប់ខ្លួន២រូបនៅមណ្ឌលគិរី
មណ្ឌលគិរី៖ ប្រធានប្រតិបត្តអតីតគណបក្សសង្គ្រោះជាតិ១រូប ព្រមទាំងសកម្មជនគណបក្ស១រូបទៀត ត្រូវចាប់ខ្លួន ហើយស្ថាប័ណតុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនបណ្តោះអាសន្នរង់ចាំបន្តនីតិវិធី។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ២នាក់ ក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទដែលត្រូវបានតុលាការសម្រេចឃុំខ្លួនទី១ឈ្មោះ ឃុំ កាន ភេទប្រុស អាយុ ៧០ឆ្នាំ ជាអតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ និងទី២ឈ្មោះ ដូង សំអេរ ហៅ អេត ភេទប្រុស អាយុ ៣១ឆ្នាំ ជាអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ។
ការចោទប្រកាន់ និងសម្រេចឃុំខ្លួនពួកគេទាំង ២នាក់ខាងលើ បានធ្វើឡើងបន្ទាប់ពីពួកគេទទួលបញ្ជាពីឈ្មោះ សួន ចំរើន ជាជំនួយការរបស់លោក អេង ឆៃអ៊ាង អតីតអនុប្រធានអតីតបក្សCNRP ធ្វើសកម្មភាពបំផុសបំផុល កៀរគរ និងបំផុសបំផុលឲ្យចលនា ចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕ធ.ដ
ដោយៈសាតចាន់បុត្រ