ក្រុមរដ្ឋឥស្លាមប្រកាសតែងតាំងមេដឹកនំាថ្មីជំនួស Baghdadi និងសន្យាសងសឹងប្រឆំាងនឹងសហរដ្ឋអាមេ៉រិក
អេហ្ស៊ីប៖ ក្រុមភេវរកររដ្ឋឥស្លាមបានចេញមុខអះអាងពីការស្លាប់នៃមេដឹកនំារបស់ខ្លួន គឺ Abu Bakr al-Baghdadi នៅថ្ងៃព្រហស្បតិ៍នេះ និងប្រកាសតែងតំាងអ្នកជំនួសតំណែងមេដឹកនំាចាស់ គឺឈ្មោះ Abu Ibrahim al-Hashimi al-Quraishi ហើយថែមទំាងសន្យាថា នឹងធ្វើការសងសឹកប្រឆំាងនឹងសហរដ្ឋអាមេ៉រិកវិញ នេះបើតាមខ្សែអាតិ៍សម្លេងរបស់អ្នកនំាពាក្យថ្មីនៃក្រុមរដ្ឋឥស្លាម ។
ក្នុងសាររយៈពេល៧នាទី ក្រុម ISIS អះអាងថា ក្រុមប្រឹក្សា Shura របស់ក្រុមរដ្ឋឥស្លាមបានកោះប្រជុំភ្លាមៗ ក្រោយមានការបញ្ជាក់ពីការស្លាប់របស់ បាក់ដាឌី ហើយសមាជិកជាន់ខ្ពស់បានព្រមព្រៀងលើការជ្រើសរើសមេដឹកនាំថ្មី ។ គេដឹងតិចតួចណាស់អំពីប្រមុខដឹកនាំ ISIS ថ្មី ហាស៊ីមី ដែលឈ្មោះបុគ្គលរូបនេះសឹងតែគ្មានអ្នកណាធ្លាប់លឺផង ។ ទន្ទឹមនឹងការប្រកាសរើសមេដឹកនាំថ្មី ក្រុមរដ្ឋឥស្លាមក៏គំរាមខ្លាំងៗប្រឆាំងសហរដ្ឋអាមេ៉រិកដែលជាអ្នកសម្លាប់មេដឹកនាំខ្លួន ដោយពួកគេបានព្រមានថា អ្នកគាំទ្ររបស់ក្រុមរដ្ឋឥស្លាមនឹងសងសឹកចំពោះការស្លាប់របស់បាក់ដាឌី ។
សូមបញ្ជាក់ថា បាក់ដាឌី ដែលបានដឹកនាំក្រុមរដ្ឋឥស្លាមតាំងពីឆ្នាំ២០១៤ និងជាមនុស្សដែលអាមេ៉រិកតាមប្រមាញ់ជាយូរមកហើយនោះ បានបំផ្ទុះសម្លាប់ខ្លួនឯងក្នុងប្រតិបត្តិការវាយឆ្មក់របស់កម្លាំងពិសេសអាមេ៉រិក ក្នុងខេត្ត អ៊ីដលីប ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ។ ក្រោយមក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ មន្ត្រីអាមេ៉រិកបានបញ្ជាក់ថា សពរបស់បាក់ដាឌី ត្រូវយកទៅបោះចោលក្នុងសមុទ្រ ៕ធ.ដ