រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់អំពីការខិតខិតប្រឹងប្រែង របស់កម្ពុជាដើម្បីវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ភ្នំពេញ៖ កម្ពុជាបានខិតខិតប្រឹងប្រែងដើម្បីវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ជាឧត្តម ប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ប្រកបដោយចីរភាព ភាពធន់ និងធានាបាននូវការត្រៀម ខ្លួនរួចរាល់ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច និងការធ្វើសមាហរណកម្ម ទៅក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្ម ៤.០។នេះជាការបញ្ជាក់របស់ឯកឧត្តម សាយសំអាល់រដ្ឋមន្រ្តី ក្រសួង បរិស្ថានក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន ជាមូយ ក្រុមហ៊ុន សូហ៊្វែរឧស្សាហកម្ម សៀមិនស៍ ភីធីអ៉ី អិលធីឌី, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, បណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង សាលាស្ទីមមីង ខេមបូឌា នាព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា បាននិងកំពុងផ្លាស់ ប្តូរអ្វីៗគ្រប់យ៉ាងរួមទាំងរបៀបគិតគូរ ប្រាស្រ័យទាក់ទងគ្នា ធ្វើការងារ និងការរស់នៅរបស់ យើង ទាំងអស់គ្នា ។ជាការបង្ហាញយ៉ាងច្បាស់ថា យើងកំពុងស្ថិតក្នុងដំណាក់កាលនៃ ការចាប់ផ្តើម បដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាយុគសម័យថ្មីមួយកំពុងវិវត្តន៍បន្តលើមូលដ្ឋាននៃ បដិវត្តន៍ ឧស្សាហកម្ម ទាំងបីកន្លងមក។
លោកបន្តថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលជាគ្រឿងបង្គុំស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ទាំង នេះកំពុងក្លាយជាកាតាលីករថ្មីមួយសម្រាប់ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការចូលរួម ចំណែក បង្កើនផលិតផលនិងប្រសិទ្ធភាពការងារ និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីឧស្សាហកម្មបែប ប្រពៃណីទៅជាឧស្សាហកម្មទំនើបនិងជឿនលឿន។

ជាមួយការចុះអនុស្សរណៈនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីចាត់ទុកថា ជាការបើកទំព័រថ្មីមួយ សម្រាប់ កម្ពុជា ហើយជឿជាក់ថាបច្ចុប្បន្នកម្ពុជាមានធនធានមនុស្សជាច្រើននឹងអាចធ្វើបានដែលជួយ ជំរុញដល់ខឿនសេដ្ឋកិច្ចកម្ពុជាកាន់តែលូតលាស់ឈានទៅមុខបន្ថែមទៀត។ ការចុះអនុស្សរណៈ យោគយល់គ្នានេះពេលនេះដែរ គឺជាការបោះជំហ៊ានថ្មីមួយរូមគ្នាប្រកបដោយភាពសុទិដ្ឋិនិយម ក្នុងការផ្តល់ជូននូវចំណេះដឹងបច្ចេកវិទ្យា ផ្នែកឌីហ្សាញ ផ្នែកផលិតកម្ម ផ្នែកស្វ័យប្រវត្តិកម្ម ផ្នែកវត្ថុ ប្រើប្រាស់អ៊ីនធឺណិត (IoT) ការឌីហ្សាញផ្នែកមេកានិកនិងផ្នែកអេឡិកត្រូនិក ការនិម្មិត (simulation) និងជំនាញផ្សេងៗទៀត ដល់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិតនិង យុវជន កម្ពុជា ឱ្យមានជំនាញ និងទេពកោសល្យ ប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្ម និង ឌីជីថលនៅកម្ពុជានិងការអភិវឌ្ឍឧស្សាហកម្មបៃតង។

ដោយឡែកឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងដែរថា ចាប់តាំងតែពីការផ្តុះឡើងនៃជំងឺងកូវីដ១៩ នៅប្រទេសកម្ពុជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បាន បង្ហាញសន្ទុះកាន់តែខ្លាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមពលរដ្ឋ ទូទៅជា ពិសេសសិស្ស.និស្សិត ។
សកម្មភាពសេដ្ឋកិច្ច របៀបរបបការងារ និងការរស់នៅប្រចាំថ្ងៃបានប្រែក្លាយទៅរក គន្លង ប្រក្រតីភាព ថ្មី។បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីស្នូលសម្រាប់ប្រតិបត្តិការ និងទំនាក់ទំនង ក្នុង ប្រព័ន្ធសេដ្ឋកិច្ច និងសង្គម។ជាមួយគ្នានេះ បដិវត្តន៍ឧស្សាហកម្មទី៤បានធ្វើឱ្យការប្រើប្រាស់បច្ចេក វិទ្យាឌីជីថលកាន់តែមានលក្ខណៈចាំបាច់ និងទំលំទូលាយក្នុងគ្រប់វិស័យរួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ច។

ឯកឧត្តមបញ្ជាក់បន្ថែមថា ក្រសួងប្រៃសណីយ៍នឹងជំរុញការកសាងធនធានមនុស្សឌីជីថល ដើម្បី ឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មកម្ពុជា ព្រមទាំងបន្តពង្រីកវិសាលភាពនៃកម្មវិធីគាំទ្រ និងលើកទឹកចិត្តនានាឈានដល់ការបង្កើតលក្ខខណ្ឌ អំណោយផលដល់ការបង្កើតនិងវិនិយោគ លើបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
គួររំលឹកថា ក្រសួងបរិស្ថានបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួនបី ស្តីពី “ការប្រើ ប្រាស់បច្ចេកវិទ្យា អ៊ិចហ្ស៊ី លេរេតធើ របស់ក្រុមហ៊ុនសៀមិនស៍ (Siemens’s Xcelerator Platform)ដើម្បីឱ្យសិស្ស-និស្សិត មានសមត្ថភាពពូកែក្នុង និង ក្រៅថ្នាក់រៀន និងដើម្បីពង្រឹង ភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំ និងក្រុមហ៊ុនឧស្សាហកម្ម ដើម្បីរៀបចំកម្លាំងពលកម្មដែលមាន ផ្នត់គំនិតឌីជីថល សម្រាប់ប្រែក្លាយគំនិតឱ្យទៅជាការពិត និងសម្រាប់បង្កើតដំណោះស្រាយ បច្ចេកវិទ្យា សម្រាប់ឧស្សាហកម្ម ៤.០របស់កម្ពុជា”។

ជាមួយគ្នានេះក្រុមហ៊ុនសៀមិនស៍ប្តេជ្ញាផ្តល់បច្ចេកវិទ្យាសូហ៊្វែ (software)ធនធានសម្ភារៈ បណ្តុះបណ្តាលនិងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថានដើម្បីលើកកម្ពស់គុណភាពអប់រំនិងគុណភាពបណ្តុះបណ្តាលកម្រិតអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្ម បច្ចេកវិទ្យា និង ឌីជីថលជំនាន់ថ្មីនៅកម្ពុជា។
តាមរយៈកិច្ចសហការនេះដែរក្រុមហ៊ុន សៀមិនស៍នឹងផ្តល់ជូននូវកញ្ចប់ សូហ៊្វែរដែលអាជ្ញាប័ណ្ណ ធនធាន សម្ភារៈបណ្តុះបណ្តាល និងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថានដើម្បីផ្តល់ជូន វិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា និងបណ្ឌិតសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈការជួយគាំទ្រសម្របសម្រួលផ្នែក ដំបូន្មានបច្ចេកវិទ្យានិងការបណ្តុះបណ្តាលពីសូហ្វែរ(software) ពីសាលាស្ទីមមីង ខេមបូឌា។
និស្សិតដែលមកពីសាកលវិទ្យាល័យដៃគូទាំងនេះនឹងទទួលបានការបណ្តុះបណ្តាល ការប្រើប្រាស់ សូហ៊្វែរ ដែលមានអជ្ញាប័ណ្ណនិងការប្រឡងយកសញ្ញាបត្រ បញ្ជាក់សមត្ថភាពស្តង់ដារផងដែរ ក្រោមការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន៕
ដោយ៖ម៉ាដេប៉ូ


