អភិបាលខេត្តសៀមរាប ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងចូលរួមក្នុងការងារបរិស្ថាន

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩ ២០២០ វិទ្យាល័យ១០មករា១៩៧៩ខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីនេះ កាលពីព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបរួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្សជាច្រើន លោកអភិបាលខេត្តបាន ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងចូលរួមក្នុងការងារបរិស្ថានផងដែរ។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក គឹម ឡេង នាយកវិទ្យាល័យ១០មករា១៩៧៩បានលើកឡើងពីវិធានការ និងទិសដៅផែនការសម្រាប់អនុវត្តបន្ត ដោយផ្តោតការយកចិត្តទុកដាក់ និងបង្កើនការទទួលខុសត្រូវលើភារកិច្ចគ្រប់គ្រងសាលារៀន គ្រប់គ្រងគ្រូបង្រៀន និងសិស្សានុសិស្សឱ្យបង្រៀន និងរៀនសូត្របានល្អប្រកបដោយប្រសិទ្ឋិភាព និងពង្រឹងកិច្ចសហការរវាងសាលារៀន គ្រួសារ និងសង្គមជាពិសេសជាមួយសហគមន៍ជាតិ និងអន្តរជាតិសំដៅគៀងគរការឧបត្ថម្ភ ទាំងស្មារតី និងសម្ភារៈដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការសិក្សារៀនសូត្ររបស់ក្មួយៗ។

បន្ទាប់ពីអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩ – ២០២០ រួចមក ឯកឧត្តម ទៀ សីហា ប្រសាសន៍បញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងនាំសុខសន្តិភាព និងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ហើយក្មួយៗកំពុងស្ថិតក្នុងវ័យសិក្សាបច្ចប្បន្នមានភ័ព្វសំណាងជាង អ្នកជំនាន់អ៊ំពូមាមីង ឪពុកម្តាយរបស់ក្មួយៗកាលគាត់នៅជាសិស្សដូចក្មួយៗ គឺពួកគាត់ជួបប្រទះតែនឹងសង្រ្គាមរហូត ចំណែកក្មួយៗធំដឹងក្តីឡើងជួបតែការអភិវឌ្ឍ និងភាពសុខក្សេមក្សាន្ត នៅគ្រប់ទីកន្លែង។

ឯកឧត្តមបានផ្តាំផ្ញើរដល់ សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ត្រងត្រាប់ស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលរបស់ខ្លួនគោរពវិន័យសាលា និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ និងកុំខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ដោយការវក់លេងជាមួយបណ្តាញសង្គមហ្វេសប៊ុក ប្អូនៗក្មួយៗ គួរនាំគ្នាប្រើបណ្តាញសង្គមហ្វេសប៊ុកដើម្បីស្រាវជ្រាវឯកសារសិក្សា ចៀសវាងការលេងបែបអវិជ្ជមានវានាំឱ្យមានឥទ្ឋិពលមិនល្អដល់ខេត្ត និងសង្គមជាតិយើង បន្ថែមពីនេះក្មួយៗត្រូវរួមគ្នាសំអាតអនាម័យ បរិស្ថានជុំវិញសាលារៀន តាមដងផ្លូវសាធារណៈទូទៅទៅតាមការណែនាំរបស់គណៈគ្រប់គ្រងសាលា ក៏ដូចជាអាជ្ញាធរខេត្តដើម្បីលើកមុខលើកមាត់ និងរក្សាសោភ័ណ្ឌភាពខេត្តរបស់យើងឱ្យមានភាពស្រស់បំព្រងជានិច្ចឱ្យសមជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសយើងទាំងអស់គ្នា។

ឯកឧត្តម ទៀ សីហាបានជំរុញ ដល់ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ទាំងអស់ឱ្យយកចិត្តទុកដាក់ គ្រប់គ្រងអប់រំ បង្រៀនឱ្យបានល្អប្រកបដោយគុណភាព និងម្តាយឪពុកត្រូវ ក៏ត្រូវជួយជំរុញកូន និងផ្តល់លទ្ឋភាពឱ្យកូនទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner