អាគារទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានសម្ពោធដាក់អោយប្រើប្រាស់

អត្ថបទដោយ៖
Kien Sereyvuth

 អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមមានអាគារទីចាត់ការ-បណ្ណាល័យ១ខ្នង ស្មើនឹង៣បន្ទប់ អាគារសិក្សា២ខ្នង ស្មើនឹង៣០បន្ទប់ ដែលបានកសាងជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានរៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីស្តាប់របាយការណ៍របស់ឯកឧត្តម ទៀ សីហា គណអភិបាលខេត្តសៀមរាបរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា  ការអប់រំល្អនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូលនោះគឺសំដៅទៅដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សាការងារ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិ ។ រាជរដ្ឋាភិបាលបានចាត់ទុកថា  ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ។ ប្រការនេះ រាជរដ្ឋាភិបាលបានបន្តផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីធ្វើឲ្យមុតស្រួច ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាឆាប់រហ័ស ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។  ជាការអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់  បានលើកឡើងថា ចំពោះមុខ សូមឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការជម្រុញបន្តចលនាអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសកម្មក្នុងការអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ និងសក្តានុពល ឈានទៅអនាគតមួយដ៏រុងរឿង ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសំដៅទៅកាន់រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈនៃការប្រើប្រាស់វិធីញុះញ៉ង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោត អូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ដោយហឹង្សា  ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។  យ៉ាងណាក៏ដោយសម្តេចពិជ័យ អំពាវនាវបន្ថែមថា សូមឲ្យប្រជាពលរដ្ឋដែលលង់ចាញ់ឧបាយកលបោកបព្ឆោតទណ្ឌិត សម សង្ស៉ី ប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមរស់ជាមួយសង្គមជាតិវិញ។  អ្នកចង់ទៅចូលរួមទទួលវត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ រាជរដ្ឋាភិបាល និងសាលក្រមតុលាការ កំពុងរង់ចាំទទួលហើយ ទីកន្លែងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner