សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍អោយអង្គភាពកីឡានគបាលជាតិកម្ពុជា គួរពង្រឹងអោយខ្លាំងចំពោះប្រភេទកីឡាណាដែលប្រើប្រាជ្ញាជាងប្រភេទកីឡាប្រើកម្លាំងច្រើន

អត្ថបទដោយ៖
Kien Sereyvuth

សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំអោយប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាត្រូវសម្លឹងមើលប្រភេទកីឡាណាដែលប្រើប្រាជ្ញា និងបញ្ចេញនូវថាមពលសមល្មមអោយក្រុមកីឡានគរបាលហ្វឹកហាត់ពង្រឹងសមត្ថភាពអោយខ្លាំង ដើម្បីមានលទ្ធភាពប្រជែងដណ្តើមបានមេដាយមកជូនអង្គភាព និងប្រទេសកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិធំដែលអង្គភាពបញ្ជូនទៅចូលរួម។
     អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង បានណែនាំនៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្នុងការដណ្តើមជ័យលាភី ពីព្រឹត្តិការណ៍ប្រកួត The 18th World Police and Fire Game 2019 Chengdu, China នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
      សម្តេច ក្រឡាហោម មានប្រសាសន៍ទៀតថា បើយើងក្រឡេកមើលកាយសម្បទាអត្តពលិកនគរបាលយើងវិញ កាយសម្បទាហាក់ពុំសូវរឹងមាំដូចអត្តពលិកប្រទេសគេឡើយ ចឹងការប្រជែងព្រឹត្តិការណ៍កម្រិត អន្តរជាតិធំៗ និងការប្រកួតកម្រិតពិភពលោកយើងពិបាកប្រជែងដណ្តើមបានមេដាយណាស់។ដូច្នោះ យើងត្រូវរកមធ្យាបាយដោយជ្រើសរើសប្រភេទកីឡាណាដែលប្រើប្រាស់កម្លាំងតិច និងប្រើប្រាជ្ញាវៃឆ្លាតច្រើនអោយអត្តពលិកយើងហាត់ហ្វឹកហ្វឺនវិញ ដើម្បីធានាថា ពេលចូលរួមប្រជែងមានលទ្ធភាពច្រើនឈ្នះបានមេដាយត្រឡប់មកវិញ លើកមុខមាត់កីឡានគរបាលកម្ពុជាលើឆាកអន្តរជាតិ។
      សម្តេច ស ខេង បានសម្តែងនូវការគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលអត្តពលិកកីឡានគរបាលកម្ពុជាប្រជែងដណ្តើមបានពីព្រឹត្តិការណ៍ប្រកួត The 18th World Police and Fire Game 2019 Chengdu, China ហើយ សម្តេចបានជម្រុញលើកទឹកចិត្តអោយអត្តពលិកកីឡាទាំងអស់ខិតខំអោយបានខ្លាំងក្លាបន្ថែមទៀត ដើម្បីនាំយកមេដាយពីការប្រកួតធំៗលើឆាកអន្តរជាតិមកជូនកម្ពុជា ។ជាមួយគ្នានោះ សម្តេចក៍បានក្រើនរំលឹកដល់អត្តពលដែលលេងប្រភេទកីឡាជាក្រុមដូចជាបាល់ទះ បាល់ទាត់ បាល់ឳបជាដើមត្រូវបង្កើនការហាត់ហ្វឹកហ្វឺន ពិសេស ត្រូវបង្កើននូវសាមគ្គីភាពនៅក្នុងក្រុមអោយបានល្អទើបឈានទៅដណ្តើមជ័យជំនះបាន។ ទន្ទឹមជាមួយគ្នានោះ សម្តេច ក្រឡាហោម បានជម្រុញអោយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃយកចិត្តទុកដាក់ពង្រឹងអោយបានខ្លាំងក្លាយបន្ថែមទៀតសម្រាប់ប្រភេទកីឡាជាក្រុមព្រោះថា បច្ចុប្បន្ន កីឡាជាក្រុមមិនទាន់ទទួលបាននូវលទ្ធផលល្អប្រសើរនៅឡើយទេ សម្រាប់ការប្រកួតក្របខណ្ឌថ្នាក់ជាតិ និងអន្តរជាតិ។
       ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាល់ជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត The 18th World Police and Fire Game 2019 Chengdu, China អង្គភាពនគរបាលជាតិកម្ពុជាបានបញ្ជូនប្រភេទកីឡាទៅចូលរួមចំនួន១៣ ក្នុងនោះ អត្តពលិកប្រជែងដណ្តើមបានមេដាយសរុបចំនួន៤៦គ្រឿង មេដាយមាស១៨គ្រឿង ប្រាក់១៧គ្រឿង និងមេដាយសំរិទ្ធ១១គ្រឿង។
        ចំពោះ អត្តពលិកដែលប្រជែងដណ្តើមបានមេដាយមាស សម្តេច ឧបត្ថម្ភ ថវិកា២០០០ដុល្លារសម្រាប់ប្រភេទកីឡាឯកត្តជន១៦នាក់ និងមេដាយមាសប្រភេទកីឡាជាក្រុមម្នាក់ទទួលបាន៨០០ដុល្លារ. ចំពោះជ័យលាភីមេដាយប្រាក់ឯកក្តជនចំនួន១៧នាក់ម្នាក់ទទួលបាន១៥០០ដុល្លារ និងមេដាយសំរិទ្ធឯកក្តជន១០នាក់ម្នាក់ទទួលបាន១០០០ដុល្លារ និងមេដាយសំរិទ្ធកីឡាជាក្រុមបាល់ឳប១៣នាក់ ម្នាក់៥០០ដុល្លារ។ ចំណែក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឧបត្ថម្ភ១៦០០ដុល្លាបន្ថែម ដល់ក្រុមកីឡាករទូកប្រពៃណី ហៅកាត់ថា ទូកនាគរបស់កម្ពុជា ចូលរួមប្រកួតកីឡានគរបាលពិភពលោក នៅប្រទេសចិន ទទួលបានមេដាយមាស ០១គ្រឿងលើប្រភេទវិញ្ញាសា ២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ World Police Games ក្នុងចំណោម ១៥ប្រទេស  ។ ឯកឧត្តមក៏បានឧបត្តម្ភថវិកា៩,០០០ដុល្លារសម្រាប់ទិញទូកនាគចំនួន២គ្រឿងផងដែរ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner