អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។
ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០នេះ ឯកឧត្តម ម៉ុម សារឿន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសិល្បធម៌ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកគ្រូ អ្នកគ្រូ ចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០,០០០រៀល ជូនសិស្សានុសិស្ស តាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២,០០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាល និងប៊ិក១ដើម៕ធ.ដ