ស្នងការរាជធានី បើកកិច្ចប្រជុំស្តីអំពីកិច្ចការផ្សព្វផ្សាយការពារ ទប់ស្កាត់នៅរាល់គម្រោងការ ក្បត់ជាតិ ដែលមានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីអំពីកិច្ចការផ្សព្វផ្សាយការពារ ទប់ស្កាត់នៅរាល់គម្រោងការក្បត់ជាតិ ដែលមានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញមកពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយមានគណបក្សនយោបាយជាច្រើនចូលរួម ជាពិសេសមានប្រជាពលរដ្ឋដ៏ច្រើនលើសលប់រហូតដល់ ៨៣,០២% នៃអ្នកដែលមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការ អធិការង និងនាយប៉ុស្តិ៍ទាំង១០៥។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ បានណែនាំឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ជាពិសេសគឺការចូលរួមពិធីហូបអំបុកសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕ធ.ដ