គណៈកម្មការរដ្ឋសភា ពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំគ្នាជាមួយឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនៅវិមានរដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភាថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងសុឆន្ទៈ ដើម្បីសម្រេចបានព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមខាងលើ ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានដំណើរការចុះបោះបង្គោល និងខណ្ឌសីមាព្រំដែនគោក នៅលើដីជាក់ស្តែងពីខេត្តរតនគីរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល ៨៤% នៃបង្គោលព្រំដែនដែលមានចំនួន៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះនៅតាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណជាង ១២៧០គីឡូម៉ែត្រ។

ក្រៅពីសមិទ្ធផលដែលសម្រេចបាននៅលើដីជាក់ស្តែងខាងលើ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ តទៅហៅថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ហើយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។

សូមជម្រាបថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ មានគោលបំណង និងផលប្រយោជន៍ គឺដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបានស្ថេរភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីជម្នះធ្វើបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានឆាប់រវាងប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម បានឯកភាពកែសម្រួលខ្សែព្រំដែនពីផែនទីបោនខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មកតាមការគ្រប់គ្រងកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងខ្សែព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ដល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរឲ្យបន្តគ្រប់គ្រងលើដីធ្លីស្រែចម្ការ ដែលបាននឹងកំពុងអាស្រ័យផលទាំងនោះជាបន្តទៀត។

បន្ទាប់ពីបានជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងស្ដាប់ការបកស្រាយ និងពន្យល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ឯកឧត្តម ហ៊ុន ណេង ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម ហ៊ុន ណេង បានបញ្ជាក់ថា បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រី និងសហការី បានធ្វើការបកស្រាយទៅលើចំណុចនានា ដែលគណៈកម្មការជំនាញនៃរដ្ឋសភា បានសាកសួររួចមកហើយនេះ គណៈកម្មការជំនាញនៃរដ្ឋសភា សម្តែងនូវការគាំទ្រលើសេចក្តីព្រាងច្បាប់នេះ ហើយសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner