បណ្ឌិត ហ៊ុន ម៉ាណែត ធ្វើកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីប្រទេសចិន (Video Inside)
អនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានជួបពិភាក្សា ការងារជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ នីស្តចិនតាមប្រព័ន្ធអ៊ីនធើណិត។
ជំនួបតាមប្រព័ន្ធអនឡាញថ្ងៃទី២៦ ខែមេសាជាមួយរដ្ឋមន្ត្រី ចិន លោក សុង ថាវ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជានកម្ពុជា និង បក្សកុម្មុយនីស្តចិននៅក្នុងបរិបទថ្មី ព្រមទាំងការពង្រឹងតួនាទីរបស់យុវជននៅក្នុងការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
មន្ត្រីកម្ពុជាបានថ្លែងថា ភាគីទាំងពីរបានវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលកម្ពុជានិងចិន សម្រេចបាននិងកំពុងបន្តពូនជ្រុំសំដៅកសាង «សហគមន៍ជោគវាសនារួម» ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងភាពប៉ិនប្រសព្វរបស់គណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងឳកាសនោះ បានអរគុណដល់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
ភាគីទាំងពីរបានប្តេជ្ញា ជំរុញការផ្លាស់ ប្តូរយុវជននៃប្រទេសទាំងពីរ ដើម្បីជួយបណ្ដុះបណ្ដាលសមត្ថភាពយុវជនតាមរយៈ ការផ្ដល់ អាហាររូបករណ៍ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗទៀត សំដៅលើកកម្ពស់តួនាទី និងការចូល រួមរបស់យុវជនបន្តវេន ក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ បន្ថែម ទៀត។