ទីក្រុងកៀវ៖ គិតមកទល់ពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងស្តីពីជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ីនៅឡើយទេ
កៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក មីខាយឡូ ប៉ូដូលយ៉ាក់ ក្នុងថ្ងៃពុធបញ្ជាក់ថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ ក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នោះទេ។
លោក ប៉ូដូលយ៉ាក់ ដែលជាសមាជិកគណៈប្រតិភូអ៊ុយក្រែនចូលរួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ត្រូវបានដកស្រង់សម្តីថា ពេលវេលានៃកិច្ចប្រជុំរបស់ប្រធានាធិបតីប្រទេសទាំងពីរ និងបរិបទនៃកិច្ចប្រជុំមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
លោក ប៉ូដូលយ៉ាក់ បន្ថែមថា ទន្ទឹមគ្នា ការពិគ្រោះយោបល់ក្នុងកម្រិត នៃក្រុមរងការងារដែលកំពុងរៀបចំមុខតំណែងរបស់ភាគីក្នុងលក្ខខណ្ឌផ្លូវច្បាប់កំពុងដំណើរការ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិតួកគីលោក ហ៊ូលូស៊ី អាកា នៅព្រឹកថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ប្រទេសរបស់លោកសង្ឃឹមថា ជំនួបរវាងលោក ហ្សេលេនស្គី និងលោក ពូទីន នឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា




