ជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-19 បង្ហាញសុទិដ្ឋិនិយមសម្រាប់ការរីកលូតលាស់វិស័យសេដ្ឋកិច្ច

វិចារណកថា
កាលពីថ្ងៃទី២៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសលើកលែងភារកិច្ចពាក់ម៉ាស់ នៅតាមទីសារធារណៈនានាទូទាំងប្រទេស ប៉ុន្តែតម្រូវឲ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលមានការបិទជិត ។ ការដាក់ចេញវិធានការនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ-19 មានកម្រិតទាប ហើយយើងពង្រឹងបាននូវភាពស៊ាំសហគមន៍ ។
គួរកត់សម្គាល់ថា នៅក្នុងខែ មេសា នេះ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក ប៉ុន្តែទំហំគ្រោះថ្នាក់បានថយចុះជាងមុនច្រើនណាស់ ដោយសារគ្រប់ប្រទេសក្នុងពិភពលោកបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ ជាពិសេសគឺការចាក់វ៉ាក់សាំង ព្រមទាំងការដាក់ចេញនូវវិធានការជាច្រើនទៀត។ ភាពស៊ាំរបស់ប្រជាជននៅលើពិភពលោកកាន់តែមានទំហំធំធេងឡើង។ ប៉ុន្តែទោះជាយ៉ាងណាជំងឺកូវីដ១៩ នៅតែបង្កជាបញ្ហាសម្រាប់ពិភពលោក ដែលទាមទារឲ្យប្រទេសទាំងអស់ខិតខំបន្តការប្រយុទ្ធប្រឆាំងឲ្យកាន់តែសកម្មថែមទៀត។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា បានស្ថិតក្នុងដំណាក់កាលងើបចេញផុតពីជំងឺកូវីដ១៩ ស្ថិតក្នុងចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ដែលធ្វើឲ្យយើងមានលទ្ធភាពបើកប្រទេសឡើងវិញ និងធ្វើឲ្យដំណើរការសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជនមានសកម្មភាពរស់រវើក។
ព្រឹត្តិការណ៍លេចធ្លោការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយសុវត្ថិភាព ដែលមានប្រជាជនជាង ៥ លាននាក់បានដើរកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេស។ ជោគជ័យនេះអាស្រ័យដោយកត្តាចំនួន ៦ គឺ ទី១- សុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើឲ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង ទី២- ការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដែលធ្វើឲ្យប្រជាពលរដ្ឋយើងងាយស្រួលក្នុងការធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ ទី៣- កត្តាមធ្យោបាយធ្វើដំណើរ គឺបងប្អូនប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទាំងរថយន្ត ទាំងម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ទី៤- ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពីព្រោះបើប្រជាពលរដ្ឋមិនមានប្រាក់ចំណូលនោះទេ គឺពួកគាត់មិនមានលទ្ធភាពក្នុងការចាយវាយ និងចំណាយផ្សេងៗអំឡុងពេលដើរកម្សាន្តនោះទេ ទី៥- ការកើនឡើងនៃតំបន់ទេសចរណ៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាយើង។បច្ចុប្បន្ននេះ កម្ពុជាយើងមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃជាច្រើន ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ និងទី៦- ភាពស៊ាំក្នុងសហគមន៍នៃការទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនេះសម្តេចតេជោក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងទី៣ ឬដូសជំរុញជាបន្តទៀត ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ឲ្យកាន់តែខ្លាំងក្លាទៀត។
អាស្រ័យដោយយើងគ្រប់គ្រងបានការឆ្លងរាលដាលនៃជំងឺកូវីដ-19 បានបង្កលទ្ធភាពសម្រាប់រាជរដ្ឋាភិបាលក្នុងការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចសង្គម បានដំណើរការឡើងវិញប្រកបដោយភាពរស់រវើក និងស្វាហាប់ ។ សម្រាប់ឆ្នាំ២០២២ នេះ តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាអាចមានអត្រា ៤,៨%។ ដោយឡែកធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ នេះ កើនឡើង ៤,៥% ចំណែកធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៥,៣ % នៅឆ្នាំ២០២២ និង ៦,៥% នៅឆ្នាំ២០២៣។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងខ្ពស់ នៅក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។
ទោះបីមានវិបត្តិកូវីដ១៩ នៅឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេស ២០ ក្នុងតំបន់ និងពិភពលោកមានចំនួន ២៨ ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួនទឹកប្រាក់ ១៩,៣ ពាន់លានដុល្លារ ឯការនាំចូលមាន ២៨,៧ ពាន់លានដុល្លារ។
ជារួមក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងល្អប្រសើរទៅកាន់គ្រប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសជាតិ ពិសេសក្រោមការដឹកនាំដ៏ឆ្លាតវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ បុរេសកម្ម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្តល់វ៉ាក់សាំងដូសពេញលេញ និងដូសជំរុញបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ដែលបង្កើតបានភាពស៊ាំសហគមន៍គួរជាទីទុកចិត្ត និងវិធានការបង្ការការពារ (៣កុំ ៣ការពារ) និងវិធីសាស្ត្រ ដែលអាចព្យាបាលដោយខ្លួនឯងបាន បានបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តដោយរីករាយជាមួយនឹងគោលដៅ និងផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ ដ៏ទាក់ទាញដែលបានឆក់យកឱកាសរៀបចំបង្កើតនិងអភិវឌ្ឍន៍ឡើងក្នុងពេលវិបត្តិកូវីដ-19នេះ។ (ដោយ៖ វិទ្យុជាតិ)