លោក ពូទីន ចុះហត្ថលេខាលើច្បាប់ស្តីពីការហាមឃាត់ការចែករំលែកទិន្នន័យជាមួយបណ្តារដ្ឋ “មិនរាក់ទាក់”
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយនៅថ្ងៃអាទិត្យម្សិលមិញ ដែលរារាំងធនាគាររបស់ប្រទេសខ្លួនពីការចែករំលែកទិន្នន័យជាមួយទីភ្នាក់ងាររដ្ឋាភិបាលបណ្តាប្រទេស ដែលខ្លួនចាត់ទុកថា “មិនរាក់ទាក់” ដែលបានដាក់ទណ្ឌកម្មដោយខុសច្បាប់អង្គភាព និងជនជាតិរុស្ស៊ី។
ច្បាប់ថ្មីខាងលើនេះនឹងហាមឃាត់ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី មិនឱ្យឆ្លើយតបនឹងសំណើពីទីភ្នាក់ងារបរទេស រួមទាំងស្ថាប័នតុលាការសម្រាប់ព័ត៌មានអំពីអតិថិជន និងប្រតិបត្តិការរបស់ពួកគេ។ សំណើពីបណ្តាប្រទេស “មិនរាក់ទាក់” អាចត្រូវអនុវត្តបាន លុះត្រាតែធនាគារកណ្តាលទទួលបានការយល់ព្រម ពីទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីដែលពាក់ព័ន្ធ។
ច្បាប់ថ្មីនេះក៏កំពុងត្រូវបានណែនាំដើម្បីកាត់បន្ថយហានិភ័យពីច្បាប់សម្ងាត់របស់ធនាគារបរទេសដែលអាចគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីក្នុងគោលបំណងមិនផ្តល់ព័ត៌មានដល់ស្ថាប័នរដ្ឋាភិបាលបរទេស។ ច្បាប់បែបនេះក៏ធ្លាប់ត្រូវបានអនុម័តផងដែរ នៅសហរដ្ឋអាមេរិកនាដើមឆ្នាំ២០២១។
គួរបញ្ជាក់ថា បញ្ជីនៃបណ្តាប្រទេសដែលមិនរាក់ទាក់ ក្នុងនោះរួមមានសហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប ជប៉ុន និងអូស្ត្រាលី ក្នុងចំណោមប្រទេសដទៃទៀត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីដោយរដ្ឋាភិបាលរុស្ស៊ីកាលពីខែមីនាកន្លងទៅ។
ចំណាត់ការនេះ គឺជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានមកលើរុស្ស៊ី បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈកន្លងមក៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និង បុត្រា




