Update៖ រហូតមកដល់ល្ងាចថ្ងៃចន្ទនេះ នារីជនជាតិអង់គ្លេសដែលបាត់ខ្លួន នៅលើក្រុងកោះរ៉ុង នៅតែមិនទាន់រកឃើញនៅឡើយ អាជ្ញាធរខេត្តព្រះសីហនុ នៅតែចាត់កម្លាំងបន្ថែមទៀត ដើម្បីបន្តតាមស្វែងរកឲ្យអស់ពីលទ្ធភាព
រហូតមកដល់ល្ងាចថ្ងៃចន្ទនេះ នារីជនជាតិអង់គ្លេសដែលបាត់ខ្លួន នៅលើក្រុងកោះរ៉ុង នៅតែមិនទាន់រកឃើញនៅឡើយ អាជ្ញាធរខេត្តព្រះសីហនុ នៅតែចាត់កម្លាំងបន្ថែមទៀត ដើម្បីបន្តតាមស្វែងរកឲ្យអស់ពីលទ្ធភាព។ យោងតាមក្រុមការងារប្រចាំការក្នុងបេសកកម្មរុករកនៅលើដែនដីកោះរ៉ុងឲ្យដឹងថា មកដល់ពេលនេះឪពុក និងសាច់ញាតិរបស់នាង បានមកដល់កោះរ៉ុងហើយដែរ។ រីឯក្រុមការងារកំពុងសហការបន្តកិច្ចការនេះបន្តទៀត និងមិនទាន់បានសន្និដ្ឋានអំពីរឿងនេះនៅឡើយដែរ។

គួររំលឹកថានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ អាជ្ញាធរ និងប្រជនក្នុងតំបន់ក៏បានចូលរួមសហការស្វែងរកផងដែរ។

ចំពោះមុខនេះ អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានានៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកឲ្យអស់លទ្ធភាព។ ករណីដែរ អាជ្ញាធរក្នុងតំបន់បានព្យាយាមស្វែងរកនារីនោះ ក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ។

សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មាន ឈ្មោះ BAMBRIDGE AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤កក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់ passportលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥និង០០ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦និង០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨និង១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។
មុនបាត់ខ្លួន គេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣និង៣០ទៀបភ្លឺឈានចូលថ្ងៃទី២៤តុលា២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង(police beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ តែគេបានឃើញកាបូបរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះដែរ។ កន្លងមកធ្លាប់មានភ្ញៀវបរទេសក្រោយពីទុកអីវ៉ាន់នៅកន្លែងស្នាក់ហើយ គាត់ដើរលេងតាមព្រៃ ៤-៥ថ្ងៃក្រោយមកក៏ត្រឡប់មកវិញ៕ធ.ដ