ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំជុំវិញការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា គម្រប់ព្រះជន្ម ៦៩ យាងចូល ៧០ ព្រះវស្សា
ភ្នំពេញ ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំជុំវិញការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៦៩ យាងចូល ៧០ ព្រះវស្សា ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នេះនៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ចើញចូលរួម ឯកឧត្តម អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូប។
ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៦៩ យាងចូល ៧០ ព្រះវស្សាឲ្យប្រព្រឹត្តិទៅស្របតាមព្រះរាជបវេណីនឹងអនុវត្តតាមវិធានការសុខាភិបាលដែលបង្ការនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
បន្ទាប់ពីបានផ្លាស់ប្ដូរយោបល់គ្នាពីភារកិច្ចចំពោះមុខ និងវិធានការផ្សេងៗដែលត្រូវបំពេញក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មខាងលើរួចមក អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទនិងទីតាំងសម្រាប់ប្រារព្ធពិធី ព្រមទាំងបែងចែកភារកិច្ចថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃ ជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីខេត្តដែលពាក់ព័ន្ធ សម្រាប់អនុវត្តឲ្យទទួលបានជោគជ័យបំផុត។
គួររំលឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ។ ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការគឺត្រូវបានប្រារព្ធឡើងនៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានព្រះបរមនាមថា« ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ដែលត្រូវបានប្រែថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព ៕ ដោយ៖ង៉ាន់ ទិត្យ










