ឯកឧត្តម វេង សាខុន បានណែនាំដល់សមាជិកក្រុមការងារបក្ស ចុះជួយឃុំហាន់ជ័យ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ដែលខិតជិតចូលមកដល់
ខេត្តកំពង់ចាម ៖ ស្ថិតក្នុងបរិវេណវត្តមនីរតន: ហៅវត្តក្រូចសើច កាលពីថ្ងៃទី១ ខែឧសភា ឆ្នំា២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១១៥០នាក់ មកពីឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីបានជ្រាបអំពីរបាយការណ៍របស់លោកមេឃុំហាន់ជ័យ ជម្រាបជូនអង្គពិធីរួចមក ឯកឧត្តមប្រធានក្រុមការងារបានកោតសរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំហាន់ជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអនុវត្តដើម្បីអភិវឌ្ឍមូលដ្ឋាន ស្គាល់សុខ ស្គាល់ទុក្ខ និងទទួលដឹង ឭ នូវរាល់បញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋ ហើយបានដោះស្រាយជូនជាបន្តបន្ទាប់តាមការចាំបាច់ និងតម្រូវការជាក់ស្តែង។
ឯកឧត្តម វេង សាខុន បានគាំទ្រលើកទឹកចិត្ត និងណែនាំបន្ថែមដល់សមាជិកក្រុមការងារចុះជួយឃុំហាន់ជ័យ អាជ្ញាធរស្រុក ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត រៀបចំទាំងបញ្ជីឈ្មោះចាស់ ថ្មី ស្លាកគណបក្ស រូបថត មធ្យោបាយធ្វើដំណើរ និងក្តាប់ឲ្យបាននូវសកម្មភាពគណបក្សផ្សេងៗ និងអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
តមក ឯកឧត្តមប្រធានក្រុមការងារ បានបន្តដំណើរជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ១ ២០០នាក់ ដែលពិធីនេះបានរៀបចំក្នុងបរិវេណវត្តបភាវត្យារាមគគរ នៅឃុំគគរ ក្នុងស្រុកកំពង់សៀម ។
ឯកឧត្តម វេង សាខុន ធ្វើការវាយតម្លៃខ្ពស់ចំពោះឆន្ទ:ពុះពារ និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំទាំងបួន ដែលបានគិតគូយកចិត្តទុកដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវការ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងការដោះស្រាយនូវរាល់បញ្ហានានាដែលប្រជាពលរដ្ឋជួបប្រទះបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន។
ឯកឧត្តម ប្រធានក្រុមការងារ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅប្រើសិទ្ធិជាពលរដ្ឋទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ ហើយក៏មិនត្រូវស្តាប់ និងជឿពាក្យឃោសនា បោកបញ្ឆោត មួលបង្កាច់ពីជនអគតិ ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងឡើយ ៕ ដោយ៖ក្រសួងកសិកម្ម





