រកឃើញសត្វ ក្តាន់ប្រមាណ៧០ក្បាលកំពុងរស់នៅតំបន់ព្រៃ ទេសភាពមេគង្គ កម្ពុជា

ភ្នំពេញ៖ យ៉ាងហោចណាស់សត្វក្តាន់ចំនួនប្រមាណ៧០ក្បាល ដែលជាសត្វកម្រ នៅលើ ពិភពលោកត្រូវបានអ្នកវិទ្យាសាស្ត្រ តាមដានឃើញ កំពុងរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។

ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថា លទ្ធផលដ៏គួរឱ្យរំភើបនេះ ត្រូវ បានបញ្ចូនតាមសេចក្តីរាយការណ៍កាលពីសប្តាហ៍កន្លងទៅនេះ ដែលមានការបញ្ជាក់ដោយរូបភាពទទួលបានពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែល បំពាក់ ម៉ាស៊ីនថតប្រើកំដៅ។

កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមាន ការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវ ចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីន ថតប្រើ កំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និង អាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រកសត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF ។

លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនផងដែរ ដែលជាកត្តាចង្អុលបង្ហាញពី ការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។

ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ ស្តីពី ស្ថានភាព និងចំនួនសត្វក្តាន់ សម្រាប់ការចេញផ្សាយនាពេល ខាង មុខនេះ។ សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល ហើយ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះធ្លាប់ត្រូវបាន អ្នកវិទ្យាសាស្រ្ត ប៉ាន់ប្រមាណថាបានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ ២០០៦ នៅក្នុងខេត្តក្រចេះ។

ទោះជាយ៉ាងណាក៏ដោយ សត្វនេះបាន និងកំពុងទទួលរងការ គំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។ ដើម្បីជួយសង្រ្គោះសត្វក្តាន់ និង សត្វព្រៃសំខាន់ៗជាសកលជាច្រើន ប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ យុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបាន រៀបចំឡើង និងបើកឲ្យដំណើរការជាផ្លូវការ កាលពីដើមខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ដោយមានគោលដៅលុបបំបាត់ការ ដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner