ផ្ទុះការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលសាជាថ្មីទៀតនៅប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យ មនុស្ស៤២នាក់ស្លាប់
អ៊ីរ៉ាក់៖ ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលសាជាថ្មីនៅទូទាំងប្រទេសអ៊ីរ៉ាក់ បានបណ្តាលឱ្យមនុស្ស៤២នាក់បាត់បង់ជីវិត នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដោយសារការប្រើឧស្ម័នបង្ហូរទឹក ការបាញ់កំាភ្លើងគ្រាប់ពិត និងការដុតភ្លើងជាដើម។

ការប្រមូលផ្តុំគ្នានេះ គ្រោងបន្តធ្វើឡើងចាប់ពីថ្ងៃសុក្រម្សិលមិញ ជាមួយអ្នកដើរតួសំខាន់ៗជាច្រើនចាប់ពីអាជ្ញាធរនិកាយស៊ីអ៊ីតជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ាក់ រហូតដល់អង្គការសហប្រជាជាតិបានជំរុញឱ្យមានការអត់ធ្មត់។ ក្រុមបាតុករ បានចាប់ផ្តើមធ្វើបាតុកម្មមុនកាលកំណត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ត ហើយបានស្ងប់ស្ងាត់ទៅវិញនៅពេលល្ងាចថ្ងៃដដែលនេះ។

ប៉ុន្តែកាលពីថ្ងៃសុក្រ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅតាមទីលានធំៗតាមបណ្តាទីក្រុងរបស់អ៊ីរ៉ាក់ ជាពិសេសទីលានតាហ៍រើ កណ្តាលរដ្ឋធានីបាកដាដ និងមានចេតនាប្រមូលផ្តុំកម្លាំង ដើម្បីឆ្លងកាត់ចូលទៅក្នុងតំបន់បៃតង ដែលជាទីតាំងរបស់មជ្ឈមណ្ឌលរដ្ឋបាលទូទៅរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ប៉ុន្តែពួកគេត្រូវបានទប់ស្កាត់ដោយកងកម្លាំងប្រឆាំងកុប្បកម្មរបស់រដ្ឋ ដែលជាហេតុបាននាំឲ្យមានការប៉ះទង្គិចគ្នាដ៏ហិង្សាផ្ទុះឡើង។

គួរបញ្ជាក់ផងដែរថា ក្រុមបាតុករទាំងនេះ បាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារចំពោះអំពើពុករលួយ វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ៕ធ.ដ

