ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីសម្រេចបានបុព្វហេតុ «ប្រែក្លាយចំណេះដឹងបរិស្ថានទៅជាការប្រតិបត្តិបរិស្ថានល្អ» យើងត្រូវការ បង្កើនការអប់រំ និងផ្សព្វផ្សាយពីចំណេះដឹង និងព័ត៌មានបរិស្ថានឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់
«ដើម្បីសម្រេចបានបុព្វហេតុ «ប្រែក្លាយចំណេះដឹងបរិស្ថានទៅជាការប្រតិបត្តិបរិស្ថានល្អ» ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានមនសិការបរិស្ថាន គាំទ្រ និងចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព យើងត្រូវការ បង្កើនការអប់រំ និងផ្សព្វផ្សាយពីចំណេះដឹង និងព័ត៌មានបរិស្ថានឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៩ នេះក្នុងឱកាសដែលឯកឧត្តមចូលរួមជាអធិបតីភាពបើកសិក្ខាសាលាបូកសរុបការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកត់សម្គាល់ថា៖ «ក្រសួងបរិស្ថានបានធ្វើការងារផ្សព្វផ្សាយអំពីបរិស្ថាននេះដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយចុះផ្ទាល់និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ជាលទ្ធផល យើងសង្កេតឃើញថាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីបរិស្ថាន មានការចូលរួមកាន់តែច្រើនក្នុងសម្អាតអនាម័យបរិស្ថាន និងមានការតាំងចិត្តខ្ពស់ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ជាការពិត យើងនៅមានបញ្ហាជា ច្រើនទៀតក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិនេះដែលត្រូវបន្តដោះស្រាយរួមគ្នា»។

ឯកឧត្តមបានថ្លែងថាវិស័យជាអាទិភាព ៤ រួមមាន មនុស្ស ទឹក ភ្លើង និងផ្លូវ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់បំផុត។ នៅក្នុងស្មារតីនេះ ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន និងកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗអំពីបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹង សំដៅប្រែក្លាយចំណេះដឹង ទៅជាការប្រតិបត្តិបរិស្ថានល្អ ដូចដែលបានគូសបង្ហាញនៅក្នុងគោលបំណងជាយុទ្ធសាស្ត្រទី ៤ នៃយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ ២០១៦-២០២៣ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជួយដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើសមាហរណកម្មបញ្ហាបរិស្ថានទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព ការវិនិយោគទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រង និងអភិបាលកិច្ចក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា គោលបំណងដ៏សំខាន់របស់ក្រសួងបរិស្ថាន ទី១) ការក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នាប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ រឹងមាំ ពលរដ្ឋមានសមត្ថភាព និងបរិស្ថានរស់នៅល្អប្រសើរ។ ទី២) ដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះធ្វើយ៉ាងណាឱ្យគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា ខណៈកំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅពេលនេះ ហើយនឹងក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ដោយមើលឃើញពីការវិវត្តន៍ទាំងអស់នេះ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានគិតគូររៀបចំយុទ្ធសាស្ត្រ និងសកម្មភាពក្នុងការកសាងនូវឯកសារ ព័ត៌មាន ទិន្នន័យ និងវេទិកាផ្សេងៗដែលអាចផ្សព្វផ្សាយ ចែករំលែកចំណេះដឹងតាមគ្រប់រូបភាព ជាពិសេសតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញ ក៏ដូចជាបញ្ជ្រាបចំណេះដឹងបរិស្ថានឱ្យបានទូលំទូលាយដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន។

ច្បាស់ណាស់ថា ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងវិស័យបរិស្ថាន រួមមាន កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិស័យបរិស្ថាននិងធនធានធម្មជាតិ ដើម្បីកៀរគរ និងប្រមូលផ្តុំបាននូវកម្លាំងពីគ្រប់អ្នកពាក់ព័ន្ធ ព្រមទាំងកម្លាំងមហាជនពីគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និងអនុវត្តឱ្យបានសកម្ម៕ធ.ដ


