នគរបាលបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធឃាតកម្ម នៅខណ្ឌដង្កោ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឃាតកម្ម (វ៉ៃប្លន់សម្លាប់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យចាត់ ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១)ឈ្មោះ អឿង ភាព ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ទី២)ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣)ឈ្មោះ ប៉ុក សុខនី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត (ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

សូមជម្រាបថា ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមជនសង្ស័យទាំង៣នាក់ សហការគ្នាវ៉ៃប្លន់សម្លាប់យកម៉ូតូ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

គួររំលឹកថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្មវៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះបានកើតឡើងនឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៣០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។សមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើមានឈ្មោះ មែក ភីន អាយុ ២៩ឆ្នាំ មុខរបរជាងកញ្ជក់ នឹងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានមនុស្សស្លាប់ ភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍សាក់សំពៅ បានសហការជាមួយកម្លាំងជំនាញនៃអធិការខណ្ឌដង្កោ បានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព នឹងកញ្ជក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី។
តាមសាច់ញាតិសពបុរសខាងលើបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីមសេរី២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថា ជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ។
ក្រោយពិនិត្យរួចរាល់នឹងសាកសួរព័ត៌មានពីសាច់ញាតិសពបុរសខាងលើសមត្ថកិច្ចសន្និដ្ឋានថា ជាករណីវៃសម្លាប់ប្លន់យកម៉ូតូ ដោយសារជនរងគ្រោះមុនស្លាប់បានជិះម៉ូតូចេញពីផ្ទះ ហើយខណៈនេះ ដែលសមត្ថកិច្ចជំនាញខណ្ឌដង្កោ នឹងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕ធ.ដ