រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលាឈប់ពីតំណែង គ្រាន់តែរឿងចូលបច្ច័យបុណ្យសព ដល់គ្រួសារមួយ
លោក Isshu Sugawara រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសជប៉ុន បានសម្រេចចិត្តលាលែងចេញពីតំណែងហើយនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានឱ្យដឹងថា លោកបានទទួលលិខិតលាលែងនេះដែរហើយ។

ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃសុក្រនេះថា លោក អាបេ បានទទួលយកលិខិតលាលែងពីតំណែងរបស់លោក Sugawara បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ។ លោក អាបេ បន្តថា លោក Hiroshi Kajimaya ដែលជាអតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសហគមន៍ នឹងឡើងមកកាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី។

គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែង ជារដ្ឋមន្ត្រីពាណិជ្ជកម្មរបស់លោក Isshu Sugawara ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកបានរំលោភបំពានលើច្បាប់ ស្តីពីយុទ្ធនាការឃោសនាបោះឆ្នោត តាមរយៈការផ្ដល់លុយ២០,០០០យ៉េន ឬស្មើ១៨៥ដុល្លារ ដើម្បីចូលបច្ច័យបុណ្យសពដល់គ្រួសារមួយ ដែលជាអ្នកគាំទ្ររូបលោក ហើយដែលនេះត្រូវបានគេចោទប្រកាន់ថា ជាការផ្ដល់អំណោយដើម្បីទិញទឹកចិត្តអ្នកបោះឆ្នោត៕ធ.ដ
