សហអាម៉េរិក គ្រោងបញ្ជូនគ្រឿងបរិក្ខារយោធូបករណ៍បន្ថែមទៀត ដើម្បីការពារទីតាំង ប្រេងកាត នៅស៊ីរី
សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះបានបញ្ជាក់ថា សហរដ្ឋអាម៉េរិក មានផែនការបង្កើនវត្តមានរបស់ខ្លួននៅជ្រុងមួយក្នុងភាគឦសានប្រទេសស៊ីរី ដើម្បីការពារទីតំាងប្រេងកាតពីការរឹបអូសយកមកវិញដោយក្រុមរដ្ឋអ៊ិស្លាមដែលកំពុងងើបឡើងវិញ។

មន្ត្រីការពារជាតិអាម៉េរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលចំណេញដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាម៉េរិក និងដៃគូរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស គឺការកាន់កាប់វាលប្រេងកាតនៅស៊ីរីភាគខាងកើត ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ក្រុមភេវរករនេះ។

បើតាមប្រភពដដែលនេះ សហរដ្ឋអាម៉េរិកប្តេជ្ញាពង្រឹងជំហររបស់យើង ដោយសម្របសម្រួលជាមួយដៃគូ គឺកងកម្លាំង SDF របស់យើងនៅភាគឦសាននៃប្រទេសស៊ីរី ជាមួយនឹងការដាក់ពង្រាយយោធូបករណ៍បន្ថែមទៀត ដើម្បីការពារតំបន់ប្រេងទាំងនោះ ពីការធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ពួកអាយស៊ីស ឬក្រុមបង្កអស្ថិរភាពផ្សេងទៀត៕ធ.ដ


