រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមដំណើរជាមួយ លេខាទី១ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា អញ្ជើញពិនិត្យ ដំណាំស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមដំណើរជាមួយលោកស្រី Amber Cernobs លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញមកពិនិត្យ ចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
លោក Jacky នាយកចាត់ការទូទៅ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីស្ថានភាពផលិតកម្មផ្លែស្វាយជារួមមានជាអាទិ៍ ៖ ពូជត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី មានពូជ ៖ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , Guire ជាមួយនឹងថ្នាលកូនស្វាយពូជអាយុបីឆ្នាំ សម្រាប់ដាំដុះបន្ត ។ មកទល់នឹងបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ ហិចតា ។

កម្មវត្ថុនៃផលិតកម្ម គឺការនាំចេញទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្នុងព្រះសីហនុ។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០លានដុល្លារហើយ។ លោក បានសម្តែងនូវក្តីបារម្ភថា បច្ចុប្បន្នការដឹកជញ្ជូន គឺជាបញ្ហាចំបងសម្រាប់ក្រុមហ៊ុន ចំណុចនេះលោកបានអះអាងថា ក្រុមហ៊ុននឹងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះមកណែនាំអំពី បច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យជាទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានផ្តល់ ការណែនាំដល់លោក Mr. Jacky អំពីស្ថានភាពជារួមនៃការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន រួមទាំងមធ្យោបាយដឹកជញ្ជូនទាំងក្នុងស្រុក និងអន្តរជាតិ ដែលក្រុមហ៊ុនកំពុងប្រឈម។ តែទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។

មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ ហើយលោកបានបញ្ជាក់ថា ភាពជោគជ័យនេះមិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយ:ការ បង្កើតការងារ មានការងារ មានចំណូល គ្មានចំណាកស្រុក មានជីវភាពល្អប្រសើរ ទាំងនេះជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលតែងតែគាំទ្រ និងលើក ទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ៕ ប្រភព ៖ កសិកម្ម

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner