ឯកឧត្តម វេង សាខុន ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន បន្តសហការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពគ្រួសារ និងធានាសន្តិសុខស្បៀង
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨០០នាក់ អញ្ជើញមកពីទូទាំងឃុំសេដា ដែលបានរៀបចំក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយកាំបិត។
មានមតិសំណេះសំណាលជាមួយបងប្អូន ឯកឧត្តមបានថ្លែងថា យើងមានសន្តិភាព សន្តិភាពបានបង្កលក្ខណ:ងាយស្រួល ជូនបងប្អូនក្នុងការកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ច រស់នៅជួបជុំគ្រួសារ ទទួលបានសិទ្ធិ សេរីភាពពេញលេញ។ល។ ដូច្នេះ ត្រូវឆក់យកឱកាសនេះ ខិតខំកសាងជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ ដោយមិនត្រូវប្រកាន់យកតែអាជីពមួយមុខបានទេ បើធ្វើស្រែក៏ត្រូវមានដំណាំដាំដុះ ចិញ្ចឹមសត្វ ជុំវិញផ្ទះដែលជាស្បៀងប្រចាំថ្ងៃ និងត្រូវប្តូរទម្លាប់មិនល្អ ដើម្បីដើរចេញពីភាពក្រីក្រ។
ឯកឧត្តមបានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានត្រូវលើកកម្ពស់បន្តសហការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពគ្រួសារ និងធានាសន្តិសុខស្បៀង។
ឯកឧត្តម វេង សាខុន ក៏បានរំលេចជូនជនរួមជាតិឲ្យឃើញនូវភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង តស៊ូជំនះបានគ្រប់ឧបសគ្គ យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩។ ជាក់ស្តែង ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅទូទាំងប្រទេសគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ ៕ កសិកម្ម






