បុរសអ្នកលក់ដូងម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលដោយសារខ្យល់គរ នៅខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសអ្នកលក់ដូងម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលដោយសារខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ ស៊ឹម វណ្ណា អាយុ៥២ឆ្នាំ មុខរបរលក់ដូង ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងខ្មែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្ដកំពត។

បើតាមប្ដីកូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ ស៊ឹម លីហ៊ី ភេទប្រុស អាយុ១៩ឆ្នាំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ២០និង០០នាទី ឪពុករបស់ខ្លួន បានចូលដេកធម្មតា ហើយខ្លួនក៏បានឡើងទៅដេកជាមួយឪពុកដែរ។ លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកខ្លួន បានក្រោកឡើងទៅរៀន ស្រាប់តែមិនឃើញឪពុកក្រោកទៅលក់ដូងខ្លួនបានឡើងទៅដាស ប៉ុន្ដែដាសមិនក្រោកទើបដឹងថា ឪពុកស្លាប់ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗតែម្ដង។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុក៏បានទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យខណ្ឌឲ្យចុះមកពិនិត្យសាកសពរួចក៏បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ពិតប្រាកដមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ។ ក្រោយពីពិនិត្យចប់សពគ្រប់ហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner